(ភ្នំពេញ)៖ ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប បានសម្រេចបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន លើផ្ទៃដីទំហំ ៧៩ហិកតា ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ជាប់នឹងច្រកទ្វារអន្តរជាតិផ្លូវគោករវាងកម្ពុជា-វៀតណាម (ស្រុកគីរីវង់ ខេត្តតាកែវ -​ ស្រុកទិនបៀង ខេត្តអាងយ៉ាង) នឹងបង្កើតឱកាសការងារ ដល់កម្មករ-និយោជិក កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកខុសច្បាប់។

យោងអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជាលេខ ១៤០ អនក្រ.បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៦ ស្ដីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន ដើម្បីឆ្លើយតបតាមការអនុញ្ញាត ពីរាជរដ្ឋាភិបាល លោកឧកញ៉ា ដួង ឈីវ អគ្គនាយក ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប បានសម្រេចបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន នេះ ដោយសារតែលោកឧកញ៉ា ដួង ឈីវ មានចក្ខុវិស័យគិតគូរវែងឆ្ងាយ ក្នុងការបង្កបង្កើតកំណើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋ និងបង្កើតឲ្យមានការងារធ្វើដល់កម្មករ-និយោជិក ជាពិសេសកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកខុសច្បាប់ របស់ប្រជាពលរដ្ឋ ទៅប្រទេសជិតខាង ដើម្បីរកការងារធ្វើ។

​ផែនការយុទ្ធសាស្រ្ត នៅក្នុងគំរោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន នេះ ក្រុមហ៊ុនបានត្រៀមទុនបំរុង សម្រាប់សាងសង់ហេដ្ឋារេចនាសម្ព័ន្ធមួយចំនួនរួមមាន៖ សណ្ឋាគារផ្កាយ៣ មជ្ឈមណ្ឌលកំសាន្ដ ធនាគារ ផ្សារទំនើប ផ្សារទេសចរណ៍ ផែស្ងួត ឃ្លាំងស្តុកទំនិញខ្នាតធំ រោងចក្រសិប្បកម្ម-ឧស្សាហកម្មស្ដងដារអន្ដរជាតិ និងចំណតរថយន្ដគ្រប់ប្រភេទ...។ល។

​យ៉ាងណាម៉ិញ តំបន់សេដ្ឋកិច្ចពិសេស ដួង ឈីវ ភ្នំដិន បានសំរេចបើកគំរោងលក់ដីឡូតិ៍ផ្ទះល្វែងទំហំធំល្អជូនដល់អតិថិជន ចាប់ផ្ដើមពី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីបង្កើនភាពងាយស្រួល និងសក្តានុពល ក្នុងមុខរបរជំនួញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរខាងលើ៕