(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកមុខកំពូល បានណែនាំដល់មន្រ្តីគណបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អ ចៀសឆ្ងាយពីអំពើអសកម្មទាំងឡាយ ហើយខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ ជាពិសេសត្រូវខិតខំបន្តផ្តល់នូវសេវាសាធារណៈផ្សេងៗ ជូនប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលាព្រមទាំងត្រូវបន្តខិតខំដោះ ស្រាយ បញ្ហានានានៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួមដល់កិច្ចអភិវឌ្ឍស្របទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រួមទាំងការ បន្តធ្វើសកម្មភាពមនុស្សធម៌ និងសង្គមនានាឱ្យកាន់តែសស្រាក់សស្រាំ តែមិនត្រូវភ្លេចការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញឿន។
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ជូនដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ទាំងអ្នកមកពីថ្នាក់កណ្តាល ទាំងអ្នកមកពីមូលដ្ឋាន ក្នុងគោលដៅ រក្សាភាពដឹកមុខរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខជាបន្តទៀត។
លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តីគណបក្ស គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមអនុវត្ត ផែនការណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពសមាជិកបក្សនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីចិញ្ចឹមរក្សាការគាំទ្រ បង្កើនការគាំទ្រ និងទាក់ទាញការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ហើយបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ កិច្ចការនេះត្រូវចាប់ផ្តើមចាប់ពីពេលនេះតទៅ ដោយអនុវត្តតាមគោលការណ៍ យន្តការ និងកិច្ចដំណើរស្របទៅតាមប្រតិទិន និងដំណាក់កាលដែលបានកំណត់ ហើយត្រូវធានារក្សាឲ្យបានដាច់ខាតនូវគោលការណ៍យុត្តិធម៌តម្លាភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់គណបក្ស។
លោកក៏បានណែនាំបន្ថែមថា ត្រូវបន្តពង្រឹងការរៀបចំរចនាសម្ព័ន្ធក្រុមបក្ស និងគ្រួសារបក្ស ហើយត្រូវបន្ត ធ្វើប្រមែប្រមូលអ្នកគាំទ្រគណបក្សប្រជាជន នៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ជាពិសេសអ្នកដែលអត់ទាន់ មានឈ្មោះបោះឆ្នោត និងកូនចៅសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលត្រូវដល់អាយុបោះឆ្នោត ឱ្យបានទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវចុះជួបសមាជិកបក្ស នៅតាមខ្នងផ្ទះ ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីសំណូមពររបស់ពួកគាត់ ជាពិសេសអំពីកង្វល់ និងតម្រូវការ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវខិតខំដោះស្រាយនូវកង្វល់ និងការលំបាកទាំងនេះជាបណ្តើរៗ តាមអាច ធ្វើទៅបាន ស្របទៅតាមស្ថានភាពជាក់ស្តែងនៅហ្នឹងកន្លែង ឱ្យដូចភ្លៀងរលឹម៕