(ភ្នំពេញ)៖ លោកឧបាសក ហែម សារឿន និងឧបាសិកា ឃួន កូវីច័ន្ទណា ដែលត្រូវជាឪពុកម្ដយបង្កើតរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងកូនបង្កើត និងកូនប្រសារក្នុងនោះមាន លោក ហែម ដារិទ្ធិ និងភរិយាផងដែរ បាននាំយកថវិកា ចំនួន៤.៤៤៤ដុល្លារ ទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ខណៈដែលមន្ទីរពេទ្យខាងលើកំពុងជួបប្រទះ ការខ្វះខាតថវិកា ដើម្បីចំណាយ និងចាត់ចែងក្នុងដំណើរការជួយសង្គ្រោះកុមាររងគ្រោះដោយជម្ងឺនៅ ទូទាំងប្រទេស។
ជាពិសេសទៀតនោះ ក៏ជាជំនួយសប្បុរសធម៌ សម្រាប់ជាការតបស្នងសងគុណ ចំពោះមន្ទីរពេទ្យមួយនេះ ដែលបានជួយព្យាបាលជម្ងឺ ចៅបង្កើតម្នាក់ របស់ឧបាសកឧបាសិកា ដែលមានជម្ងឺរហូត បានជាសះស្បើយ កាលពីពេលកន្លងមកថ្មីៗនេះផងដែរ។
នៅក្នុងឱកាសនោះ លោកឧបាសក ហែម សារឿន បានថ្លែងថា ក្នុងពេលកន្លងមកថ្មីៗនេះចៅបង្កើតរបស់ឧបាសកម្នាក់បានមានជម្ងឺធ្ងន់ធ្ងរ ដែលស្ទើរតែគ្មានសង្ឃឹមថា និងអាចរស់រានមានជីវិតនោះទេ ហើយបាននាំយកមកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះត្រូវបាន ក្រុមគ្រូពេទ្យ ធ្វើការជួយសង្គ្រោះរហូត បានជាសះស្បើយឡើងវិញ។
នេះគឺជាអាចចាត់ទុកថា ពេទ្យទេវតាមួយ ហើយពេលនេះឧបាសករួមជា មួយក្រុមគ្រួសារ បាននាំយកថវិកាចំនួន៤,៤៤៤ដុល្លារ ដែលប្រមូលបានមកពីការធ្វើបុណ្យ បច្ច័យបួនក្នុងពេលកន្លងមក ដើម្បីឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផានេះ សម្រាប់ជាការតបស្នង សងគុណ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យផង និងដើម្បីឲ្យមន្ទីរពេទ្យ ចាត់ចែងចំណាយក្នុងដំណើរការជួយសង្គ្រោះអាយុជីវិតដល់ កុមារ រងគ្រោះដោយជម្ងឺនៅទូទាំងប្រទេសយើងផងដែរ។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ មានកុមាររងគ្រោះដោយជម្ងឺដង្កាត់ផ្សេងៗ រាប់រយរាប់ពាន់នាក់នៅក្នុងមួយថ្ងៃៗបានចូលទៅទទួលយក សេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យគន្ធបុប្ផា ដែលភាគច្រើនគឺសុទ្ធ សឹងតែជនក្រីក្រ ដែលមកពីតាមបណ្ដាខេត្តក្រុង នៅទូទាំងប្រទេសកម្ពុជា បូករួមជាមួយអ្នកនៅរាជធានី ភ្នំពេញផងដែរ។
អ្វីដែលគួរឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមន្ទីរពេទ្យខាងលើកំពុងជួបប្រទះ ការខ្វះខាតខ្លាំងនូវធនធានសម្រាប់ចំណាយ ក្នុងដំណើរការ ជួយសង្គ្រោះ ដល់ជនរងគ្រោះទាំងនោះទន្ទឹមនិងនេះ មន្ទីរពេទ្យក៏ទទួលបានការជួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជន នានានៅក្នុង និងក្រៅប្រទេសផងដែរ ដែលនេះគឺជាកាយវិកាសប្បុរសដែលបានរួម ចំណែកក្នុងការជួយដល់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមាររងគ្រោះ នៅទូទាំងប្រទេសផងដែរ៕