(ភ្នំពេញ)៖ យុវសិស្សកម្ពុជា៦រូប បានទទួលមេដាយមាស ប្រាក់ សំរឹទ្ធ សរុប១៤គ្រឿង ពីការប្រកួតប្រជែងអ្នកវិទ្យាសាស្ដ្រវ័យក្មេង អាស៊ានបូកបី លើកទី៦ លើប្រធានបទ «ថាមពលកើតឡើងវិញសម្រាប់ទ្រទ្រង់ជីវិត» ដែលបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការប្រកួតប្រជែងនេះ បានធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកក្កដា ដោយមានបេក្ខជនចូលរួម១២០នាក់ មកពីបណ្ដាប្រទេសអាស៊ានទាំង១០ រួមជាមួយប្រទេសចិន ចិនតៃប៉ិក កូរ៉េ និងប្រទេសស្វីស។ យុវសិស្សដែលចូលរួមប្រកួតប្រជែងនេះ មានអាយុចន្លោះពី១៣ឆ្នាំ ដល់១៥ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានបន្ដថា ការប្រកួតប្រជែងនេះយុវសិស្សកម្ពុជា ទទួលបានមេដាយសរុបចំនួន១៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង, មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង។
យុវជនដែលទទួលបានមេដាយនេះរួមមាន៖
១៖ យុវសិស្ស ពៅ ខេមរក្សា ភេទប្រុស រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ បានទទួលមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង
២៖ យុវសិស្ស លី គីមហៀក ភេទស្រី រៀននៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនព្រែកតាដួង ខេត្តកណ្ដាល បានទទួលមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង
៣៖ យុវសិស្ស ចន្ទ ជីវីបវរ ភេទស្រី រៀននៅវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង
៤៖ យុវសិស្ស លី សុវណ្ណឡេង ភេទស្រី រៀននៅវិទ្យាល័យយូ អែស អេ ខេត្តបាត់ដំបង បានទទួលមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង
៥៖ យុវសិស្ស លីម ធានឡាយ ភេទប្រុស រៀននៅវិទ្យាល័យញឹមវណ្ណដា ពារាំង ខេត្តព្រៃវែង បានទទួលមេដាយប្រាក់២គ្រឿង
៦៖ យុវសិស្ស សេង លាងហាក ភេទប្រុស រៀននៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បានទទួលមេដាយប្រាក់២គ្រឿង៕