(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីគយ និងមន្រ្តីនគរបាលប្រចាំច្រកប៉ុស្ដិ៍អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានបង្ក្រាបការនាំសាច់មាន់ឆ្អឹងមាន់ខូចគុណភាព ចំនួន១២០គក្រ និងនំគ្មានស្លាកសញ្ញាចំនួន២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ និងបានយកទៅដុតកម្ទេច ចោលភ្លាមៗ។
លោក ហាក់ សុខរិន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា «ទំនិញខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសថៃទាំងនេះ គឺជាទំនិញខូចគុណភាព ត្រូវសមត្ថកិច្ចយើងចាប់បាន បន្ទាប់ពីមន្រ្តីជំនាញបានស៊ើបអង្កេតឃ្លាំមើលជាប្រចាំទើបឈានដល់ធ្វើការបង្រ្កាបបានតែម្តង ព្រោះទំនិញទាំងនេះ គម្រោងនាំចូលចែកចាយក្នុងទីផ្សារក្នុងខេត្តបាត់ដំបង ដែលធ្វើប៉ះពាល់សុខភាពអ្នកទិញយកទៅប្រើប្រាស់បន្ត»។
លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ក្នុងទឹកដីខេត្តបាត់ដំបង។
ជាមួយគ្នានេះលោកបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញ ក្នុងផ្សារត្រូវសហការអនុវត្តឲ្យបានល្អ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពនេះ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាពយើងទាំងគ្នា៕