(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងឲ្យដឹងថាគ្រប់អតិថិជន ស្ទើរតែទាំងអស់មិនមានបញ្ហាប្រឈមទៅលើតម្លៃនៃការវាយតម្លៃនោះទេអ្វីដែលជាការប្រឈមនឹងព្រួយបារម្ភនោះគឺកម្រិត

វិជ្ជាជីវៈអ្នក​វាយតម្លៃ ព្រោះនេះជារឿងសំខាន់ និងគួរឲ្យព្រួយបារម្ភជាទីបំផុត។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត
ខណៈដែលសមាគមអ្នកវាយតម្លៃគ្រោងនឹងតម្លៃថ្លៃការវាយតម្លៃ២០ភាគរយ។

ថ្លែងក្នុងកិច្ចប្រជុំសមាជិកទូទៅប្រចាំឆមាសមាសទី១ ឆ្នាំ២០១៧ នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជានៅរសៀល​ថ្ងៃទី​១៤ ខែកក្កដា​ ឆ្នាំ២០១៧ លោក គីម ហ៊ាង បានថ្លែងឲ្យដឹងថា បច្ចុប្បន្នការគិតតម្លៃពីអតិថិជនមធ្យមទាបបំផុតគឺ គិតត្រឹមតែ១៥០ដុល្លារ ដែលតម្លៃនេះថេរអស់រយៈពេល២-៣ឆ្នាំហើយ ប៉ុន្ដែបច្ចុប្បន្នអតិផរណាកើនឡើងដូច្នេះយើងត្រូវតែតម្លើងថ្លៃបន្ថិចដើម្បី​គ្រប់គ្រងក្នុងការចំណាយ។

លោកបណ្ឌិតបន្ដទៀតថា ការតម្លើងថ្លៃលើសពី១៥០ដុល្លារនេះគឺដើម្បីគ្រប់គ្រង់នូវការចំណាយ ព្រោះបច្ចុប្បន្ននេះបុគ្គលិកដែល
ធ្វើការយូរ​ក៏ត្រូវការឡើងប្រាក់ខែ ដូចគ្នាសាំង ម្ហូប ឬរបស់ប្រើប្រាស់ផ្សេងៗទៀត ក៏មានការកើនឡើងដូចគ្នាដូច្នេះប្រសិនបើ
យើងយកតម្លៃដដែលគឺពិបាកទប់ទល់នឹងការចំណាយប្រចាំថ្ងៃរបស់ក្រុមហ៊ុន។

លោក គីម ហ៊ាង បានបញ្ជាក់ថា ពេលដែលកំពុងពិចារណាពីការតម្លើងថ្លៃនេះយើងអាចនឹងឡើង២០ភាគរយ ហើយសម្រាប់អតិថិជនវិញអ្វីដែលជាក្ដីបារម្ភនោះគឺកម្រិតនៃ​ការវាយតម្លៃ មិនមែនតម្លៃនៃការវាយតម្លៃនោះឡើយ អតិថិជនគោលសំខាន់ជាងគេមានធនាគារ និងទូត។ សម្រាប់ធនាគារអ្វីដែលបារម្ភ​ជាងគេ មិនមែនតម្លៃដែលយក១៥០ដុល្លារ ឬ២០០ដុល្លារនោះទេ គឺមើលថាតើការវាយតម្លៃនេះត្រឹមត្រូវអត់ យើងចង់ឲ្យអ្នកវាយតម្លៃត្រឹមត្រូវ ចង់ឲ្យអ្នកវាយតម្លៃមានក្រមវិជ្ជាជីវៈ មិនពុករលួយ មិនស៊ីលុយភ្ញៀវនេះជាអ្វីដែលក្រុមហ៊ុនចង់បាន។ តម្លើង២០ភាគរយ ប្រសើរជាងការវាយតម្លៃមិនត្រឹមត្រូវ និងមិនពិតប្រាកដ។

លោកបណ្ឌិតបញ្ជាក់បន្ថែមទៀតថា លុយដែលតម្លើង២០ភាគរយនេះគឺដើម្បីបង្កើនប្រាក់ខែបុគ្គលិក នៅពេលដែលបុគ្គលិកមាន​ប្រាក់ខែសមរម្យ រស់នៅសមរម្យនោះពួកគាត់ច្បាស់ជាមិនប្រព្រឹត្តិអ្វីផ្ដេសផ្ដាសនោះឡើយ តែបើយកតម្លៃថោក ប្រាក់ខែបុគ្គលិកតិច នោះអាចពួកគាត់អាចនឹងធ្វើអ្វីម្យ៉ាងដែលមិនល្អជាក់ជាពុំខាន ហើយអតិថិជននឹងគាំទ្រនៅពេលដែលយើងតម្លើងតម្លៃនេះ ព្រោះ​ការតម្លើងថ្លៃនេះគឺដើម្បីបង្កើនគុណភាពអ្នកវាយតម្លៃឲ្យកាន់តែប្រសើរជាងមុន៕