(ភ្នំពេញ)៖ ដើម្បីដោះស្រាយឲ្យមានប្រសិទ្ធភាព លើបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមានឡើងជាប្រចាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះ រដ្ឋបាលរាជធានភ្នំពេញបានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកវិធីដើម្បីដោះស្រាយ ដោយបានកសាងនូវប្រព័ន្ធលូជាច្រើនខ្សែ ប្រឡាយរំដោះទឹក រួមការកសាងស្ថានីយ៍បូមទឹកថ្មីៗជាច្រើន ដែលមានកម្លាំងបូមខ្លាំងជាមុនថែមទៀត។
ជាក់ស្តែងនៅព្រឹកទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃចុងសប្តាហ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅបើកការដ្ឋានស្ថាបនា ស្ថានីយបូមទឹកបូរី១០០ខ្នង នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ថែមទៀត។ ពិធីនេះមានការចូលរួមពីអភិបាលរង អភិបាលខណ្ឌ មន្ត្រីក្រោមឱវាទ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
នៅក្នុងឱកាសនោះលោក ឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយទឹកទាំងឡាយក្នុងរាជធានី សូមបញ្ឈប់ការចោលសម្រាមដាក់លូ ប្រឡាយ អាងស្តុកទឹក ហើយសូមចូលថែរក្សាហេដ្ឋារចនាសម្ព័ន្ធជាប្រយោជន៍សាធារណបានយូរអង្វែង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកបុរី១០០ខ្នង ខណ្ឌសែនសុខនេះ បំពាក់ម៉ូទ័រចំនួន៣គ្រឿង មានកម្លាំងបូមចេញ ក្នុង១វិនាទី បូមបាន២,៨ម៉ែត្រគូប កើនជាង៤ដងធៀបនឹងកម្លាំងបូមចាស់ ហើយគម្រោងសាងសង់ប្រើរយៈពេល៤ខែ។
គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកសាងស្ថានីយ៍បូមទឹកធំៗជាច្រើនកន្លែង និងមានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដងធៀបនឹងស្ថានីយបូមទឹកចាស់។ ក្នុងនោះរួមមានស្ថានីយបូមទឹកថ្មី ទួលគោកទី២ ត្រឡោកបែប ស្ថានីយបូមទឹកថ្មី ទួលគោកទី១ ផ្លូវទំនប់ទួលគោក ស្ថានីយបូមទឹកថ្មី បឹងត្របែក និងស្ថានីយបូមទឹកកប់ស្រូវជាដើម៕