(កែប)៖ ក្នុងកិច្ចពិភាក្សាត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញផែនការអាទិភាពចំនួន ៨ចំណុចដើម្បីរៀបចំព្រឹត្តិការណ័ ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងកាន់តែមានភាពអស្ចារ្យជាងឆ្នាំមុនៗ សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមឲ្យបានច្រើនកុះករ។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក កែន សត្ថា អភិបាលខេត្តកែប រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីជំនាញក្រសួងទេសចរណ៍ អភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ។
លោករដ្ឋមន្រ្តីបានដាក់ចេញនូវផែនការសម្រាប់ត្រៀមរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ដូចខាងក្រោម៖
១៖ ឯកភាពកំណត់យកបរិវេណទីតាំងមុខសាលាខេត្តកែប សម្រាប់ប្រារព្ធបើកជាផ្លូវការពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
២៖ អាជ្ញាធរខេត្តត្រូវជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ឲ្យបានរួចរាល់ទាន់ពេលវេលា ត្រូវខិតខំរៀបចំឲ្យមានកន្លែងស្នាក់នៅបន្ថែម ដូចជា តង់ទេសចរណ៍ឲ្យបានគ្រប់គ្រាន់។
៣៖ ខិតខំយកចិត្តបណ្តុះបណ្តាល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍នានា ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
៤៖ ត្រូវខិតខំបំផុស និងណែនាំប្រជាពលរដ្ឋក្នុងខេត្តឲ្ចូលរួមត្រៀមរៀបចំ ដោយតុបតែងគេហដ្ឋានរបស់ខ្លួនឲ្យបានស្អាត មានអនាម័យល្អ និងត្រៀមជួយផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តអោយបានល្អ។
៥៖ សហការណ៍ជាមួយក្រសួងពាណិជ្ជកម្មដើម្បីរៀបចំពិពណ៌ពាណិជ្ជ្កកម្ម ពិសេសជលិតផលក្នុងស្រុកអោយបានច្រើន។
៦៖ ត្រូវរៀបចំទស្សនីយភាពសិល្បៈ ឲ្យបានល្អ ដោយអញ្ជេីញបណ្តាខេត្តជាប់សមុទ្រទាំង៤ និងប្រទេសជាមិត្ត ចូលរួួម។
៧៖ ចំពោះសកម្មភាពកីឡាត្រូវរៀបចំប្រភេទកីឡាឲ្យបានសម្បូរបែប ពិសេសកីឡាលើទឹក លើអាកាសឱ្យបានច្រើន ដូចជា ទូកក្តោង និងត្រូវរៀបចំព្យុះហយាត្រាឱ្យបានល្អ។
៨៖ ត្រូវខិតខំយកចិត្តទុកដាក់ការពារ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសពីធីបុណ្យសមុទ្រ ឆ្នាំ២០១៧។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ខេត្តកែបត្រូវតែរៀបចំតុបតែងលម្អទៅដោយផ្កាចម្រុះពណ៌ ដើម្បីឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយទៅជាទីក្រុងផ្កាដ៏ស្រស់បំព្រម និងទាក់ទាញលើសគេ។ ម្យ៉ាងទៀត អគារសាធារណៈ មន្ទីរ-អង្គភាព គួរត្រូវបានជួសជុលតុបតែង ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ។
លោកណែនាំថា ភាគីពាក់ព័ន្ធត្រូវរៀបចំពង្រឹងគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ ដែលមានបច្ចុប្បន្ន និងបង្កើតឲ្យមានរមណីយដ្ឋានទេសចរណ៍ថ្មីដ៏ទាក់ទាញ ពិសេសយកចិត្តទុកដាក់ពង្រីកសកម្មភាពទេសចរណ៍ ទៅកាន់កោះដែលជាគោលដៅទេសចរណ៍ ត្រូវពង្រីងការគ្រប់គ្រងសហគមន៍ទេសចរណ៍ កសិទេសចរណ៍ដែលមានសក្តានុពលក្នុងខេត្ត និងសហការជាមួយខេត្តកំពត បូកគោ ដើម្បីពង្រីកខ្សែទស្សនកិច្ច និងត្រៀមផ្តល់សេវាកម្មក្នុងពេលបុណ្យឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព ព្រមទាំងត្រូវអប់រំប្រតិបត្តិករទេសចរណ៍ អាជីវករ កុំឲ្យដំឡើងថ្លៃសេវា និងទំនិញហួសហេតុនៅពេលបុណ្យ។
បើតាមលោកអភិបាលខេត្ត កែន សត្ថា នៅឆ្នាំ២០១៦ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ១,០៩៧,១៦៨នាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥៣,៧៣៣នាក់។ ដោយឡែកក្នុងរយៈពេល៦ខែ ដើមឆ្នាំឆ្នាំ២០១៧នេះ ភ្ញៀវទេសចរចំនួន ៦៩៣,៣៣៤នាក់ បានទៅទស្សនាខេត្តកែប ក្នុងនោះទេសចរអន្តរជាតិមានចំនួន ២៩,០៩៣នាក់។
សូមរំឭកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នោះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណ ៥០ម៉ឺននាក់ និងទទួលបានជោគជ័យយ៉ាងធំធេង៕