(ភ្នំពេញ)៖ ចរន្តអគ្គិសនីនៅតំបន់មួយចំនួនធំក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់ផ្តាច់ ដែលការកាត់ផ្តាច់ដោយសារក្រុមហ៊ុន ខ្សែកាប្លិ៍អុបទិច របស់ចិន បានខួងដីប៉ះចំខ្សែបញ្ជូនចរន្តអគ្គិសនី។ មន្រ្តីអគ្គិសនីកំពុងខ្នះខ្នែង និងញាប់ដៃញាប់ ដើម្បីតភ្ជាប់ចរន្តឡើងវិញជូនប្រជាពលរដ្ឋ ប្រើប្រាស់។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់ Fresh News នៅព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា តំបន់ដែលរងការ ដាច់ចរន្តអគ្គិសនីនេះរួមមាន៖ ភូមិទួលគោក ភូមិទួលសង្កែ សង្កាត់ទួលសង្កែ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ និង ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, និងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
លោក កែវ រតនៈ បន្តថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ១៖00នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកអគ្គនាយកអគ្គិសនីកម្ពុជា បានសូមការអធ្យាស្រ័យ និងយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ចំពោះការដាច់ចរន្តអគ្គិសនីនេះ៕