(ភ្នំពេញ)៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារ សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា មន្ទីរសង្គមកិច្ចខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារ អតីតយុទ្ធជន ជាច្រើនគ្រួសារ នៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក រឿន រិទ្ធីរ័ត្ន បានបន្ថែមថា ក្រៅពីការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារ អតីតយុទ្ធជន ក៏មានការ បើកប្រាក់ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូងផងដែរ។
នៅក្នុងឪកាសនោះ នាយកបេឡាជាតិអតីតយុទ្ធជន បានឲ្យដឹងថារាល់ទុក្ខកង្វល់របស់ ប្រជាពលរដ្ឋគឺ ជាទុក្ខកង្វល់ របស់រាជរដ្ឋាភិបាលដូចគ្នា ដូច្នេះក្នុងនាមសេនាធិការ និងក្នុងនាមមន្រ្តីរដ្ឋាភិបាល គឺត្រូវមានកាតព្វកិច្ចជួយដោះស្រាយ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។
ជាក់ស្តែង ក្រុមការងារបានយកថវិកាដែលជាប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្តល់ជូន ក្រុមគ្រួសារសព អតីតយុទ្ធជនដល់មូលដ្ឋានផ្ទាល់នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដើម្បីតបស្នងការលះបង់ដ៏ធំធេង របស់ពួកគាត់ក្នុងការការពារបូរណភាពទឹកដី។
នាយកបេឡាជាតិអតីតយុទ្ធជន បានលើកឡើងថា បើទោះបីជាបងប្អូនអតីតយុទ្ធជនបានលាចាកលោកនេះទៅមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារ របស់ពួកគាត់ ដែលក្នុងនោះក្រុមគ្រួសារ នៃ សពរបស់អតីតយុទ្ធជនត្រូវបានទទួលប្រាក់របបគោលនយោបាយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។
លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ នៅគ្រប់ដំណាក់កាលជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់ បានប្រសើរឡើង៕