(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលនៃនាយកដ្ឋានត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ បានរកឃើញស្ថានីយប្រេងឥន្ធនៈ «SAVIMEX ហេងសម្បត្តិ» ស្ថិតតាមបណ្តោយផ្លូវមិត្តភាពកម្ពុជា-វៀតណាម ក្នុងខណ្ឌសែនសុខ លក់បរិមាណប្រេងមិនបានត្រឹមត្រូវទៅតាមកុងទ័រនោះឡើយ ហើយលក់សាំងធម្មតា បន្លំជាសាំងស៊ុបពែរថែមទៀតផង។
ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានបានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តដឹកនាំមន្រ្តីរបស់ខ្លួនចុះទៅពិនិត្យស្ថានីយប្រេងឥន្ធនៈមួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវមិត្តភាពកម្ពុជា-វៀតណាម ហៅផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។
លោក គឿន ភិរុណ បានឲ្យ Fresh News ដឹងថា ការត្រួតពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំងSuper(95) និង Regular(92)។
បើតាមលោក គឿន ភិរុណ ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយចំនួន០៣ ឃើញថាស្ថានីយចំនួន០២ ធ្វើបានត្រឹមត្រូវទាំងផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ។ ដោយឡែកស្ថានីយប្រេងឥន្ធនៈមួយកន្លែង គឺស្ថានីយប្រេង «SAVIMEX ហេងសម្បត្តិ» បរិមាណប្រេងមិនបានត្រឹមត្រូវតាមលេខកុងទ័រនោះទេ ហើយបានលក់ប្រេងសាំងធម្មតា បន្លំជាសាំងស៊ុបពែរថែមទៀតផង។
ក្រោយពិនិត្យឃើញដូចនេះ មន្ត្រីត្រួតពិនិត្យ បានឲ្យម្ចាស់ស្ថានីយធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេងឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ មន្រ្តីត្រួតពិនិត្យ ក៏បានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតាន៩៥ ពិតបា្រកដ ក៏ប៉ុន្តែម្ចាស់ស្ថានីយមិនព្រមធ្វើតាមនោះឡើយ។
លោក គឿន ភិរុណ បានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យ បានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន។ លោក ភិរុណ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការអនុវត្តន៍ច្បាប់។
លោកអនុប្រធាននាយកដ្ឋានត្រួតពិនិត្យបរិមាណ និង គុណភាពប្រេងឥន្ធនៈរូបនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ឲ្យពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈមុនចូលចាក់ប្រេង ពោលត្រូវរើសក្រុមហ៊ុនដែលមានទុកចិត្តប្រើប្រាស់ឧបករណ៍លក់ប្រេងថ្មីផ្គត់ផ្គង់ប្រេងសាំងធម្មតា ឬ ស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ និងគ្រប់ចំនួនលីត្រ។ ជាមួយគ្នានោះត្រូវពិនិត្យមើលលេខកុងទ័រពីចំណុចសូន្យជានិច្ច ហើយពេលចាក់ត្រូវតាមដានដំណើរការលេខកុងទ័រឲ្យបានត្រឹមត្រូវ។
លោក គឿន ភិរុណ ក៏បានអំពាវនាវដល់ម្ចាស់យានជំនិះត្រូវតាមដានសេចក្តីជូនដំណឹងថ្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដែលផ្សាយរៀងរាល់ ១៥ថ្ងៃម្តង ហើយត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចូលចាក់ប្រេងឥន្ធនៈ៕