(កំពត)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តជាប់មាត់សមុទ្រ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានជួបជុំពិគ្រោះយោបល់គ្នានៅសាលាខេត្តកំពត ក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍទេសចរណ៍សមុទ្រ ដើម្បីប្រមូលធាតុចូលបន្ថែមទៀត អំពីសក្តានុពល និងការអភិវឌ្ឍទេសចរណ៍សមុទ្រ សំដៅទាក់ទាញទេសចរអន្តរជាតិឲ្យបាន ៧លាននាក់ នៅឆ្នាំ២០២០ ខាងមុខ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមសហអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍ និងលោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត ហើយមានការចូលរួមពី តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរ ផ្នែកឯកជនដែលប្រកបរបរក្នុងវិស័យទេសចរណ៍ និស្សិត អង្គការជាតិ-អន្តរជាតិ សហគមន៍ទេសចរណ៍ក្នុងខេត្តកែប និងកំពតសរុបប្រមាណ ២៥០នាក់។
នៅក្នុងសិក្ខាសាលានេះ ក៏បានរំលេចអំពីគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរជាច្រើន ពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No.3194-CAM) និងបានលើកបង្ហាញគំនូសប្លង់នៃកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដើម្បីប្រមូលនូវធាតុចូលនូវគំនិតយោបល់បន្ថែមទៀត មុននឹងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិចំនួន ៥.០១លាននាក់ កើនឡើង ៥% ប្រៀបធៀបនឹងឆ្នាំ២០១៥ ទេសចរក្នុងស្រុកជាង ១០.៦៤លាននាក់ កើនឡើងប្រមាណ ១០% ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។
ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួន ២.៣លាននាក់ កើនឡើងជិត ១៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ ដោយឡែកតំបន់ឆ្នេរទទួលភ្ញៀវរាប់លាននាក់ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងមានសន្ទុះកើនឡើងជាលំដាប់។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់។
ដើម្បីធានាដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព គុណភាព និងការទទួលខុសត្រូវរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្ដទុកដាក់ដល់ការលើកកម្ពស់ និងពង្រឹងគុណភាព សេវាកម្ម និងផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍បានកំណត់តំបន់គោលដៅទេសចរណ៍ថ្មីៗថែមទៀត ក្រៅពីគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នៃតំបន់ប្រាសាទអង្គរក្នុងខេត្តសៀមរាប ក្នុងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ មានដូចជាគោលដៅអេកូទេសចរណ៍ភូមិភាគឦសាន និងគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលជាតារារះនាទិសនីរតី នៃឆ្នេរសមុទ្រកម្ពុជា។
លោកបណ្ឌិត ថោង ខុន និងលោក ចាន់ ចេស្តា ក៏បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ ក្នុងការកសាងសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ជំរុញឲ្យមានការសិក្សាស្រាវជ្រាវរៀបចំអភិវឌ្ឍទេសចរណ៍សមុទ្រ ប្រើប្រាស់សក្តានុពលទេសចរណ៍សមុទ្រ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ខិតខំរួមគ្នាអភិវឌ្ឍទេសចរណ៍តំបន់នេះ ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕