(ភ្នំពេញ)៖ នៅទីបំផុតនាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ ទាំងកណ្តាលយប់នៅខណ្ឌដូនពេញ ត្រូវបានតុលាការសម្រេចចេញដីកា ឃុំខ្លួនហើយ បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស្រី ម៉ាកនី សម្រេចចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាតិ» តាមមាត្រា៤៩០ ក្រមព្រហ្មទណ្ឌ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់ថា ចៅក្រម កើត សាំង បានសម្រចឃុំខ្លួនបណ្តោះអាសន្ន លើករណីខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញហើយ។
សូមបញ្ជាក់ថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងបាញ់យ៉ាងចាស់ដៃ នៅខណ្ឌដូនពេញនេះ មានឈ្មោះទូច បូភាព អាយុ៣៥ឆ្នាំ ដែលបានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព បានធ្វើសកម្មភាពបាញ់រះជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ការចូលសារភាពកំហុសរបស់ ជនសង្ស័យខាងលើនេះ ក៏បានធ្វើឡើងបន្ទាប់ពីមានការចេញដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញផងដែរ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕