Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ប្រាប់ទាហានជំនាន់ថ្មី ឲ្យស្មោះត្រង់ជាមួយជាតិ និងប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

14-07-2017 16:53

(កំពង់ស្ពឺ)៖ ថ្លែងចេញពីខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានប្រកាសប្រាប់ទៅកងទ័ពជំនាន់ថ្មីទាំងអស់គ្នា ត្រូវស្មោះត្រង់ជាមួយប្រទេសជាតិ និងដាច់ខាត ប្រឆាំងឲ្យបាននូវសកម្មភាពបដិវត្តពណ៌ទាំងឡាយ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ប្រចាំការអចិន្ត្រៃយ៍បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញចូលរួមបើក វគ្គហ្វឹកហ្វឺនទាំង៤វគ្គ ឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (វគ្គហ្វឹកហ្វឺនពលទាហានរងវិក្រឹត្យការ៣ ជំនាន់ទី៩-វគ្គហ្វឹកហ្វឺនបំប៉នយោធាចារ្យជំនាន់ទី៧- វគ្គហ្វឹកហ្វឺនបំប៉នបាញ់កាំភ្លើងដៃ អាស៊ាន និងវគ្គហ្វឹកហ្វឺនបំប៉ន ក្រុមកីឡា រត់ពាក់កណ្តាលម៉ារ៉ាតុង) នៅមជ្ឈមណ្ឌលហឹ្វកហ្វឺនកងទ័ពជើងគោក ស្ថិតក្នុងភូមិសាស្ត្រភ្នំពេជ្រនិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនេះនាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមឲ្យខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពបម្រើប្រទេសជាតិ និងរាជរដ្ឋាភិបាលដោយភាពស្មោះត្រង់ ជាពិសេសនោះប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ ព្រមទាំងប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។

ស្ថិតក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន និងគ្រឿងឥស្សរិយយស្យដល់នាយទាហាន និងសប្បុរសជន។

ជាចុងក្រោយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនូវថវិកា៣០លានរៀល សម្រាប់ការសាងសង់ផ្លូវទៅកាន់ទីលាន ហ្វឹកហាត់បាញ់គ្រប់ពិត និងផ្តល់ជូនកម្មសិក្សាការី យោធាចារ្យចំនួន៥០០នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល ព្រមទាំងសម្ភារមួយចំនួនផងដែរ៕