(ភ្នំពេញ)៖ នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំនៅតំបន់អាស៊ី លោក ប្រែត អាដាម គឺជាអ្នកប្រឆាំងនឹងភាពសុខសាន្ត ក៏ដូចជា ភាពរីកចំរើនរបស់កម្ពុជា ម្ល៉ោះហើយបានជាមន្រ្តីសិទ្ធិមនុស្សដែលធ្លាប់រងការបណ្តេញចេញពីកម្ពុជារូបនេះ តែងតែធ្វើការរិះគន់ និងវាយប្រហារលើ រាជរដ្ឋាភិបាលកម្ពុជា មិនចេះជិនណាយ ទោះបីជាអ្វីដែលរាជរដ្ឋាភិបាលធ្វើនោះត្រឹមត្រូវក៏ដោយ។ នេះជាប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលឆ្លើយតបនឹង ការវាយប្រហាររបស់ ប្រែត អាដាម តាមវិទ្យុអាស៊ីសេរី កាលពីយប់មិញ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រែត អាដាម គឺជាមេក្រុមដែលតែងតែធ្វើសកម្មភាពប្រឆាំងនឹងការរស់នៅដោយសុខសាន្តត្រាណ របស់ប្រជាជនកម្ពុជា មិនចង់ឲ្យកម្ពុជាបានសុខរីកចម្រើនទេ ដើម្បីអាលគេបន្តុះបង្អាប់ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលគេចាត់ទុកជាគូសត្រូវរបស់គេនោះ។ ដូច្នេះហើយ ទោះបីខិតខំធ្វើត្រូវយ៉ាងណា ក៏ពួកប្រែតនេះនៅតែធ្វើមិនដឹងមិនឮ ធ្វើមើលមិនឃើញដែរ»។
កាលពីម្សិលមិញនេះ តាមរយៈវិទ្យុអាស៊ីសេរី លោក ប្រែត អាដាម (Brad Adams) បានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលរៀបចំសំណើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។ លោកបានចាត់ទុកការអនុម័តវិសោធនកម្មច្បាប់នេះ គឺកំពុងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ហើយលោករំពឹងថា សហគមន៍អន្តរជាតិនឹងអាចជួយរារាំងដល់ការអនុម័តច្បាប់នេះផងដែរ។
លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលធ្វើការរាល់ថ្ងៃ មិនសំដៅតម្រូវចិត្ត លោក ប្រែត អាដានោះទេ គឺធ្វើសម្រាប់បម្រើផលប្រយោជន៍ប្រជាជន កម្ពុជាទាំងមូល។ លោកបានថ្លែងទៀតថា «ដោយការអនុត្តការងារស្របតាមគោការណ៍ច្បាប់ ទើបធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានពង្រឹងយពង្រីក ឥតឈប់ឈរ ហើយស្រប តាមសំណូមពរ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមតិអន្តរជាតិចង់បាន មិនមែនតម្រូវចិត្ត ប្រែត អាដាំទេ» ហើយថា ជីវិតប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពស្រស់បំព្រងជានិច្ច៕