(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះសកម្មភាព ឧក្រិដ្ឋកម្មរបស់ជនជាតិចិនដែលបន្លំខ្លួនជាអ្នករកស៊ី នៅក្នុងប្រទេសកម្ពុជា។ ការព្រួយបារម្ភធ្វើឡើងបន្ទាប់ពីកម្ពុជា បានឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តបទល្មើសចាប់ជំរិត តាមប្រព័ន្ធអ៊ីនធើណិត។

ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្ដិជូននាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍១១៥នាក់ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់យ៉ាងដូច្នោះថា «យើងមានការព្រួយបារម្ហ ដោយសារតែក្នុងនោះ មានជនជាតិចិនខ្លះ រស់នៅដោយអត់ស្របច្បាប់ ហើយបានប្រព្រឹត្តបទល្មើសទៀត ឧទាហរណ៍ដូចឃើញហើយថា យើងបានចាប់បញ្ជូនកន្លងមកជាច្រើន»

លោក សុខ ផល បានបន្ថែមថា ទោះជាយ៉ាងណា ឧក្រិដ្ឋកម្មជនជាតិចិន ដែលបន្លំខ្លួននៅកម្ពុជានេះ នៅមិនទាន់អស់នៅឡើយទេ ហើយមន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ចំពោះករណីនេះ ដើម្បីឈានដល់ការបង្ក្រាបទាន់ពេលវេលា ព្រោះវាជាបញ្ហានេះ គួរឲ្យមានការព្រួយបារម្ភដល់ សន្តិសុខជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងការសម្តែងការព្រួយបារម្ភអំពីឧក្រឹដ្ឋកម្មជនជាតិចិននេះ លោកនាយឧត្តមសេនីយ៍ អគ្គនាយកអន្ដោប្រវេសន៍ ក៏បានគាំទ្រ និងកោតសរសើរចំពោះវិនិយោគិនចិននៅកម្ពុជា ដែលរកស៊ីត្រឹមត្រូវ ស្របតាមច្បាប់ផងដែរ។ លោកថ្លែងថា​ រហូតដល់ពេលនេះ មានជនជាតិចិនប្រមាណ ៧ម៉ឺននាក់ ក្នុងនោះ មិនគិតពីអ្នកទេសចរ អ្នកការទូត និង NGO ជាជនជាតិនោះឡើយ៕