(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងរៀបចំពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ព្រឹតិ្តការណ៍ពិព័រណ៍នេះ មានរួមបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗដូចជា វេទិកាស្ដីពីវិនិយោគ និងធុរកិច្ច សិក្ខាសាលាស្ដីពីការជំរុញ សកម្មភាពពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខា លើកិច្ចសន្យាពាណិជ្ជកម្ម។ លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មមានដាក់តាំង បង្ហាញផលិតផលស្រូវអង្ករ និងរៀបចំកម្មវិធីជំនួបពាណិជ្ជកម្ម សម្រាប់អ្នកនាំចេញអង្ករផងដែរ។
ក្រសួងបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ គឺមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ឲ្យមានការនាំចេញកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ ក៏នឹងផ្ដល់ប្រយោជន៍ ដល់បរិយាកាសពាណិជ្ជកម្ម ក្នុងស្រុកឲ្យមានសន្ទុះឡើង ដើម្បីបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក និងរវាងកម្ពុជា ជាមួយពាណិជ្ជកម្មបរទេស។
សូមបញ្ជាក់ផងដែលថា ពាណិជ្ជករ អាជីវករ ដែលមានបំណងចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ឬមានគម្រោងស្វែងរកដៃគូវិនិយោគ ឬត្រូវចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន ត្រូវអញ្ជើញមកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕