(សៀមរាប)៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងអង្គការ Southeast Asia Tobacco Control Alliance (SEATCA) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការពង្រឹងរដ្ឋបាលសារពើពន្ធ លើផលិតផលថ្នាំជក់នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ដើម្បីអនុលោមតាម អនុសញ្ញា ស្តីអំពី WHO Framework Convention on Tobacco Control។
កិច្ចប្រជុំនេះត្រូវធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការចូលរួមពី មន្ត្រីការិយាល័យគ្រប់គ្រងអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ប្រធានអង្គការ SEATCA តំណាងមន្រ្តីក្រសួងហិរញ្ញវត្ថុ និងពន្ធដារមកពីប្រទេស ឥណ្ឌូនេស៊ី ឡាវ ភូមា និងវៀតណាម អ្នកជំនាញការមកពីធនាគារពិភពលោក (World Bank) ស្នាក់ការកណ្តាល នៃអង្គការសុខភាពពិភពលោក ពីសាកលវិទ្យាល័យ Cape Town ពីប្រទេសថៃឡង់ ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរដ្ឋបាលសារពើពន្ធ ក្នុងចំណោម បណ្តាប្រទេសអាស៊ាន ចំនួន៥រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា និងវៀតណាម ដែលស្របតាមគោលការណ៍នៃមាត្រាទី៦ ស្តីពីអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ WHO FCTC ដែលប្រទេសកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញានោះ ចាប់តាំងពីឆ្នាំ២០០៥ ។
គួររំលឹកថា គោលនយោបាយពន្ធលើផលិតផលថ្នាំជក់ គឺជាគោលនយោបាយឈ្នះឈ្នះមួយ សម្រាប់ទាំងគោលដៅសុខភាពសាធារណៈ និងការបង្កើនចំណូល សម្រាប់រាជរដ្ឋាភិបាលផងដែរ។ យោងតាមអនុសាសន៍របស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក ពន្ធលើផលិតផលថ្នាំជក់គួរមានអត្រា ៧៥ភាគរយនៃតំលៃលក់រាយ ដើម្បីឆ្លើយតបទៅនឹងគោលបំណងទាំង២នេះ។
បច្ចុប្បន្ននេះនៅកម្ពុជា បារីមានបន្ទុកពន្ធចាប់ពី២៥ភាគរយ ទៅ៣១ភាគរយ ធៀបនឹងតំលៃលក់រាយ នៅពេលដែលប្រទេសអាស៊ាន ស្ទើរតែទាំងអស់មានបន្ទុកពន្ធលើផលិតផលថ្នាំជក់ ប្រហាក់ប្រហែល ឬលើស៥០ភាគរយនៃតំលៃលក់រាយ។
ម្យ៉ាងវិញទៀត រដ្ឋបាលសារពើពន្ធ ជាផ្នែកមួយសំខាន់ ដែលមានចែងនៅក្នុងមាត្រាទី៦ ដើម្បីធានាឲ្យបានក្នុងការគ្រប់គ្រង ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក្តី ការអនុវត្តគោលនយោបាយពន្ធ និងរដ្ឋបាលសារពើពន្ធ នៅមានកម្រិតនៅឡើយសម្រាប់កម្ពុជា ហើយអគ្គនាយកដ្ឋានពន្ធដារមានគោលបំណង នឹងបំពេញភាពចន្លោះប្រហោង នៃគោលនយោបាយពន្ធលើផលិតផលថ្នាំជក់ ជាពិសេស នៅក្នុងគោលនយោបាយសារពើពន្ធ ដែលជាផ្នែកមួយ មានសក្តានុពលក្នុងការប្រមូលចំណូល លើផលិតផលថ្នាំជក់។
ក្រុមជំនាញការរបស់អង្គការសុខភាពពិភពលោក អង្គការ SEATCA បានធ្វើបទបង្ហាញលើប្រធានបទសំខាន់៣គឺ៖ ទី១៖ធ្វើការបង្ហាញអំពីការពង្រឹងគោលនយោបាយពន្ធ លើផលិតផលថ្នាំជក់, ទី២៖ធ្វើការបង្ហាញអំពីគោលគំនិតពី ការអនុវត្តរដ្ឋបាលសារពើពន្ធ លើផលិតផលថ្នាំជក់ និងទី៣៖ធ្វើការបង្ហាញអំពីបទពិសោធន៍ នៃការអនុវត្តរដ្ឋបាលសារពើពន្ធ លើផលិតផលថ្នាំជក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕