(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានជនអនាមិក ប្រើ Facebook ជំរិតទារប្រាក់ ១ម៉ឺនដុល្លារអាមេរិក ព្រមទាំងគំរាមបញ្ឈប់ការងារ និងចាប់កូនស្រីរបស់ខ្លួនថែមទៀតផង។
ឧត្តមសេនីយ៍ទោ ណាំ ភិរុណ បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា ជនដែលផ្ញើសារគំរាមជំរិតទារប្រាក់ និងគំរាមពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោកនេះ ប្រើគណនេយ្យ Facebook ឈ្មោះ «ស៊ីន សារ៉េត» «SOK KHON» និង «កម្ពុជាកម្ពុជា»។ លោក ណាំ ភិរុណ បានរៀបរាប់បន្តថា ជនដែលយកគណនេយ្យ Facebook ខាងលើ បានជំរិតទារប្រាក់ពីរូបលោកម្តង ៥០០០ដុល្លារ និងម្តង ទៀត ១ម៉ឺនដុល្លារ។
ជនដែលជំរិតទារប្រាក់ បានគំរាមថា ប្រសិនបើលោក ណាំ ភិរុណ មិនប្រគល់ប្រាក់ឲ្យគេទេ គេនឹងរកវិធី ដើម្បីបំបែកបំបាក់ និងញុះញង់ មិនឲ្យមានការទុកចិត្តគ្នានៅក្នុងកងអង្គរក្សរបស់លោក ហើយថែមទាំងគំរាមយកឈ្មោះថ្នាក់ដឹកនាំកំពូលទៅបញ្ឈប់ការងាររបស់លោក ថែមទៀតផង។
មិនត្រឹមតែគំរាមជំរិតទារប្រាក់ប៉ុណ្ណោះទេ ជនអនាមិកនេះ ថែមទាំងបានគំរាមធ្វើបាបកូនស្រីរបស់លោក ណាំ ភិរុណ និងក្រុមគ្រួសារថែមទៀតផង។ ការគំរាមនេះ កំពុងធ្វើឲ្យលោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ និងក្រុមគ្រួសារបារម្ភពីសុវត្ថិភាពកូនស្រី និង ក្រុមគ្រួសារជា ខ្លាំង។
លោក ណាំ ភិរុណ បានស្នើសុំសមត្ថកិច្ចជំនាញ និងពាក់ព័ន្ធមេត្តាតាមវែកមុខជន ដែលប្រើប្រាស់គណនេយ្យ Facebook ខាងលើនេះ មកផ្តន្ទាទោសទៅតាមច្បាប់ ក៏ដូចជាដើម្បីទំនុកចិត្តលើសុវត្ថិភាពក្រុមគ្រួសាររបស់លោកផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ គឺជាអង្គរក្សផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ហើយគេតែងបានឃើញរូបលោក រួមនិងមិត្តរួមក្រុម តែងតែបានដើរការពារជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន រាល់ពេលសម្តេចអញ្ជើញចូលរួមកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស៕