(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបាញ់ជិត១០គ្រាប់ ទាំងកណ្តាលយប់នៅខណ្ឌដូនពេញ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ស្រី ម៉ាកនី បញ្ចប់ការសួរចម្លើយ ហើយបានសម្រេចធ្វើការចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាតិ» តាមមាត្រា៤៩០ ក្រមព្រហ្មទណ្ឌ ហើយបញ្ជូន ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងបាញ់យ៉ាងចាស់ដៃ នៅខណ្ឌដូនពេញនេះ មានឈ្មោះទូច បូភាព អាយុ៣៥ឆ្នាំ ដែលបានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព បានធ្វើសកម្មភាពបាញ់រះជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ការចូលសារភាពកំហុសរបស់ ជនសង្ស័យខាងលើនេះ ក៏បានធ្វើឡើងបន្ទាប់ពីមានការចេញដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញផងដែរ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕