(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថានទូតតួកគីប្រចាំនៅកម្ពុជា បានរៀបចំសន្នសីទសារព័ត៌មានមួយ ដើម្បីរំលឹកខួបមួយឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី មិនបានសម្រេចកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយក្នុងនោះមានការរៀបរាប់អំពើដំណើររឿងទូទៅ នៃការធ្វើរដ្ឋប្រហារ ព្រមទាំងការស្តារស្ថានការណ៍ឡើងវិញបានទាំងស្រុង ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អេដូហ្គាន់ ផងដែរ។
ប្រទេសតួកគី បានកើតមានរដ្ឋប្រហារដ៏កក្រើកជាប្រវត្តិសាស្ត្រ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមន្ត្រីយោធាកំពូលៗមួយចំនួនបានចុះចូល ជាមួយក្រុមប្រឆាំង ដែលរដ្ឋាភិបាលអះអាងថា គឺត្រូវបានឧបត្ថម្ភដោយ លោក ហ្គូលេន ដែលកំពុងរស់នៅបែបនិរទេសក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ប៉ុន្តែវាបានទទួលបរាជ័យទៅវិញទៅស្រុង ឈានចូលដល់ពេលទាបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ តែមួយរាត្រីប៉ុណ្ណោះ ក្រោយពីលោក អេដូហ្គាន់ ជាប្រធានាធិបតី បានបញ្ជាការគ្រប់គ្រងទូទៅក្នុងប្រទេស និងប្រមូលកងអង្គភាព ព្រមទាំងស្ថាប័នរដ្ឋនានា មកគ្រប់គ្រងវិញ។
គ្រាន់តែមួយយប់ប៉ុណ្ណោះ ជនស៊ីវិលតួកគី ២៥០នាក់ ត្រូវបានរដ្ឋាភិបាល លោក អេដូហ្គាន់ អះអាងថាបានស្លាប់ និងជាង ២,០០០នាក់រងរបួស។ បន្ទាប់ពីប្រធានាធិបតី អឺដូហ្គាន់ គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង លោកបានចាប់ផ្តើមយុទ្ធនាការចាប់ខ្លួនបក្សពួកក្បត់ ពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន យកទៅឃុំខ្លួន ដើម្បីផ្តន្ទាទោស ហើយថែមទាំងបានដកមន្ត្រី និងបុគ្គលិកស្ថាប័នរដ្ឋជាច្រើនរូបពីតំណែងផងដែរ ដែលពួកគេត្រូវបានរងការចោទប្រកាន់ថា ជាអ្នកចុះចូល និងមានទំនោរគាំទ្រលោក ហ្គូលេន។
គួរបញ្ជាក់ថា លោក ហ្គូលេន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែងតែចេញមុខច្រានចោលនូវរាល់ព័ត៌មានទាំងអស់ ដែលបានចោទរូបលោកថា ជាអ្នកស្ថិតនៅពីក្រោយទង្វើរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយថែមទាំងបានចោទបកត្រឡប់ទៅវិញថា រដ្ឋប្រហារនោះគ្រាន់តែជាឆាកល្ខោនរបស់ រដ្ឋាភិបាលតួកគី ដឹកនាំដោយលោក អេដូហ្គាន់ បង្កើតឡើងដើម្បីធ្វើការបោសសម្អាតក្រុមអ្នកប្រឆាំងរដ្ឋាភិបាល និងដើម្បីឈានដល់ការធ្វើវិសោធនកម្មច្បាប់ ដើម្បីពង្រឹងអំណាចជាប្រធានាធិបតីឲ្យខ្លាំងជាងមុនប៉ុណ្ណោះ៕