(ភ្នំពេញ)៖ អតីតមន្ត្រីសាលារាជធានីភ្នំពេញពីររូប នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនការជំនុំជម្រះ ពាក់ព័ន្ធនឹងបទល្មើសប្រព្រឹត្តអំពើពុករលួយ ពោលគឺជំរិតទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគ លើសច្បាប់កំណត់។
អតីតមន្ត្រីទាំងពីររូបនោះ ឈ្មោះ រ័ត្ន បុរី អាយុ៣៤ឆ្នាំ មានមុខងារជាប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វ៉ាន់ណារុំ អាយុ៣៣ឆ្នាំ មានមុខងារបុគ្គលិកការិយាល័យវិនិយោគ សាលារាជធានីភ្នំពេញ ដែលជាប់ចោទបទ «វិតិក្រម» តាមមាត្រា៥៩២និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងសវនាការ ជនជាប់ចោទ រ័ត្ន បុរី បានសារភាពថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានក្រុមហ៊ុនរ៉ាយធិច បានមកទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជី បើកក្រុមហ៊ុនវិនិយោគ។ ពេលនោះលោកបានបង្គាប់ឱ្យក្រុមហ៊ុនបង់ប្រាក់ចំនួន២១លានរៀល ដោយបូកបញ្ចូលទាំងប្រាក់ពន្ធចុះបញ្ជី និងប្រាក់ពន្ធ ចុះពិនិត្យទីតាំងចំនួន ៦លានរៀល ដោយប្រាក់ទាំង២១លានរៀលនេះ លោកបានឲ្យឈ្មោះ ម៉ៃ វ៉ាន់ណារុំ ជាអ្នកទទួលទុកដោយមិនមានចេញវិក័យប័ត្រ ឲ្យក្រុមហ៊ុនវិញទេ។ ពេលរៀបចំបែបបទ រួចលោកក៏បានឲ្យ ឈ្មោះ ណារុំ ជាមួយនឹងតំណាងក្រុមហ៊ុនដកប្រាក់ ដែលក្រុមហ៊ុនបានបង់ចំនួន៧លានរៀល យកទៅបង់នៅទីចាត់ការហិរញ្ញវត្ថុ និងទទួលមកវិញនូវវិក័យប័ត្រ ដែលបានបង់តែ៧លានរៀលប៉ុណ្ណោះ។ ចំពោះប្រាក់នៅសល់១៤លានរៀលគឺរក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីទុកបង់ពន្ធលើតម្រូវការផ្សេងទៀតដូចជាបង់ឲ្យក្រុមប្រឹក្សាវិនិយោគកម្ពុជា និងបង់ចូលមន្ទីរហិរញ្ញវត្ថុជាដើមរហូតដល់ក្រុមហ៊ុនបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះវិញ។
តាមការកំណត់នៃច្បាប់នោះ បទល្មើស «វិតិក្រម» កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕