(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ចំនួន៦០រូប ដឹកនាំដោយ លោកវរសេនីយ៍ទោ Suyapiang Bundon ប្រធានគណៈប្រតិភូមកបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងលើកបង្ហាញពីតួនាទី ភារកិច្ច របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដល់គណៈប្រតិភូខាងលើ ដើម្បីជាពុទ្ធិពេលត្រឡប់ទៅកាន់ប្រទេសថៃវិញ។
លោកបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រឹត្យលេខ ៨៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីជាគ្រឹះស្ថានសិក្សា ដែលមានភារកិច្ចស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។
ជាមួយគ្នានោះ លោកវរសេនីយ៍ទោ Suyapiang Bundon ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តី សិស្ស និស្សិត និងសិក្ខាកាមទាំងអស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានសហការយ៉ាងល្អ ចំពោះដំណើរទស្សនកិច្ចសិក្សានេះ។
សូមជម្រាបថា ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ មកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា មានគោលបំណងសំខាន់ ដើម្បីរឹតចំណងមិត្តភាពរវាងអង្គភាពបណ្តុះបណ្តាល មន្ត្រីនគរបាលទាំងពីរក្នុងនាមជាសមាជិករបស់ សមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) ដូចគ្នា៕