(ភ្នំពេញ)៖ នៅថ្ងៃទី១៤កក្កដានេះ ក្រុមហ៊ុន អេស ស៊ី ជី ឈានមុខគេមួយក្នុងតំបន់អាស៊ាន ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាស ក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុន និងដៃគូបានត្រៀមរៀបចំរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នៅកម្ពុជា ដែលព្រឹត្តិការណ៍ដ៏កក្រើកនេះ គឺការជួបប្រកួត ជាថ្មីម្តងទៀត រវាងក្រុមបាល់ទាត់ថៃ SCG Muangthong United និងក្រុមកម្ពុជាគឺ K-Cement Cambodia All Stars ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦កក្កដា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
លោក Somwang Manpimolchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា បានថ្លែងថា «យើងមានក្តីរំភើបរីករាយ ចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នៅកម្ពុជា ដោយបានរៀបចំម្តងរួចហើយកាលពីឆ្នាំមុន ព្រឹត្តការណ៍នេះ បានរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការលើកស្ទួយ វិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយក្នុងឆ្នាំនេះ យើងបានត្រលប់មកវិញ ជាថ្មីម្តងទៀត ដើម្បីផ្តល់ជូន នូវការប្រកួតបាល់ទាត់ដ៏អស្ចារ្យ សម្រាប់អ្នកស្រឡាញ់គាំទ្រកីឡាបាល់ទាត់ ក៏ដូចជា លើកកម្ពស់កីឡាករបាល់ទាត់ និងវិស័យបាល់ទាត់ នៅកម្ពុជាបន្ថែមទៀត» ។
លោកបន្ថែមទៀតថា «តាមរយៈការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ យើងមានបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេស ស៊ី ជី ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងតំបន់ ដែលតែងតែចូលរួមចំណែកលើកស្ទួយការរស់នៅ នៅគ្រប់ប្រទេសដែលយើងធ្វើប្រតិបត្តិការ ។ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងឲ្យអតិថិជនស្គាល់ម៉ាកយីហោ និងផលិតផលរបស់ អេស ស៊ី ជី កាន់តែច្បាស់ ដោយបច្ចុប្បន្ន អតិថិជននៅកម្ពុជា អាចសាងសង់គេហដ្ឋាន ឬអាគារទាំងមូល ដែលប្រើប្រាស់ផលិតផល អេស ស៊ី ជី ដែលរួមមានដូចជា ស៊ីម៉ងត៍ អេស ស៊ ជី ផលិតផល SCG Smartbaord និង SCG Smartwood ស៊ីម៉ង់ត៍លាយស្រេច អេស ស៊ី ជី បំពង់ទីបជ័រ អេស ស៊ី ជី និងស៊ីម៉ង់ត៍ K-Cement» ។
លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងស្រដៀងគ្នាថា «កីឡាបាល់ទាត់នៅកម្ពុជា ពិតជាទទួលបានការគាំទ្រច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ វិស័យបាល់ទាត់ និងកីឡាករបាល់ទាត់ បានរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការសហការឧបត្ថម្ភពីដៃគូជាច្រើន ដូចជាព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour នេះជាដើម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងកិច្ចសហការពីសំណាក់ក្រុមហ៊ុន អេស ស៊ី ជី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុនស៊ីម៉ង់ត៍ K-Cement ដែលញ៉ាំងឲ្យមានព្រឹត្តិការណ៍នេះឡើង និងរួមចំណែកលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា» ។
លោក Leonardo Luiz គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ និងជាគ្រូបង្វឹកក្រុម K-Cement Cambodia All Stars បានលើកឡើងអំពីការប្រកួត នាពេលខាងមុខនេះថា «កីឡាករ K-Cement Cambodia All Stars បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លា ហើយយើងបានសម្រិតសម្រាំងជ្រើសរើសកីឡាករល្អៗ ដើម្បីឲ្យការប្រកួតនេះបានបង្ហាញពីភាពរីកចំរើននៃកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាផ្តល់ឱកាស ឲ្យកីឡាករទាំងពីរក្រុម បានចែករំលែកបទពិសោធន៍ ប្រកួតល្អប្រសើរផងដែរ ។ ខ្ញុំជឿជាក់ថា ការប្រកួតនឹងផ្តល់ភាពរំភើបរីករាយដល់មិត្តទស្សនិកជន ហើយខ្ញុំសូមលើកទឹកចិត្តអោយអ្នកគាំទ្រទាំងអស់ នៅថ្ងៃទី១៦ កក្កដា ខាងមុខនេះ មកចូលរួមទស្សនាការប្រកួតនៅឯពហុកីឡាដ្ឋានឲ្យបានច្រើនកុះករ និងតាមដានតាមកញ្ចក់ទូរទស្សន៍ឲ្យបានគ្រប់ៗគ្នា» ។
លោក Totchtawan Sripan គ្រូបង្វឹករបស់ក្រុម SCG Muangthong United បានឲ្យដឹងថា «កីឡាករ និងក្រុមការងាររបស់ក្លឹបបាល់ទាត់ SCG Muangthong United បានហ្វឹកហាត់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏ពិសេសនេះ ។ យើងសង្ឃឹមថា ការប្រកួតនឹងប្រព្រឹត្តិទៅដោយរលូន ហើយយើងសង្ឃឹមថា បទពិសោធន៏ពីការប្រកួតនេះនឹង ជួយលើកកម្ពស់ទេពកោសល្យកីឡាករបាល់ទាត់របស់យើង និងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ សម្រាប់ប្រទេសទាំងពីរ» ។
កីឡាករ ស៊ូ យ៉ាទី ជាអ្នកចាំទីសម្រាប់ក្រុម K-Cement Cambodian All Stars បាននិយាយថា “ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឲ្យអ្នកគាំទ្របានឃើញនូវផ្លែផ្កា នៃការហ្វឹកហាត់ដ៏ច្រើនរបស់យើង ខ្ញុំជឿជាក់ថា ការប្រកួតនេះនឹងមានភាពអស្ចារ្យ ហើយខ្ញុំសង្ឃឹមថានឹងនាំជ័យជម្នះជាថ្មីម្តងទៀត សម្រាប់ប្រទេសកម្ពុជា» ។
គួរកត់សម្គាល់ផងដែរថា ជាផ្នែកនៃព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ នេះ កីឡាករឆ្នើមៗពីក្រុម SCG Muangthong United ក៏នឹងឆ្លៀតរៀបចំសកម្មភាពហ្វឹកហ្វឺនបាល់ទាត់សម្រាប់កុមារ និងយុវវ័យរាប់រយនាក់ ហៅថា “Kick and Share by SCG” នៅពហុកីឡាដ្ឋានជាតិ ក្នុងថ្ងៃទី១៥ កក្កដា សំដៅលើកទឹកចិត្តឲ្យពួកគាត់ស្រឡាញ់ការលេងកីឡា និងចេះប្រើប្រាស់ពេលធ្វើសកម្មភាពដែលមានអត្ថប្រយោជន៍ ។
សំបុត្រចូលទស្សនាការប្រកួត អាចរកជាវបាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ កក្កដា ដោយតម្លៃសំបុត្រគឺ ១ដុល្លារសម្រាប់សំបុត្រធម្មតា និង ២ដុល្លារ សម្រាប់សំបុត្រវីអាយភី (កន្លែងអង្គុយដែលមានដំបូល) ។ បន្ថែមពីនេះ អ្នកចូលរួមអាចទិញអាវយឺតអនុស្សាវរីយ៍ មួយតម្លៃ៥ដុល្លារ ។ ថវិកា ដែលទទួលបានពីការលក់សំបុត្រ លក់អាវយឺតទាំងអស់ នឹងប្រគល់ទៅឲ្យដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងស្រុង ដើម្បីបន្តអភិវឌ្ឍកីឡាករ និងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យឈានឡើងមួយកម្រិតទៀត៕