(ភ្នំពេញ)៖​ ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសថា ខ្លួននឹងអបអរខួប៥០ឆ្នាំ នៃអាលប៊ុមចម្រៀង Sgt Pepper’s Lonely Hearts Club Band ដោយនាំយករថយន្ត Rolls-Royce Phantom V មានពណ៌ចម្រុះ ដែលជារបស់តារាចម្រៀង John Lennon មកកាន់ទីក្រុងឡុងដ៍ដើម្បីឲ្យសាធារណជនអង់គ្លេសបានឃើញ ។

ពិសេសរថយន្ត Rolls-Royce Phantom V របស់តារាចម្រៀង John Lennon នឹងដាក់ចូលរួមពិព័រណ៍រថយន្ត នៅក្រុង Goodwood ដែលពិព័រណ៍រថយន្ត Rolls-Royce មានឈ្មោះថា «រថយន្ត Phantom ដ៏អស្ចារ្យទាំង ៨» នឹងប្រព្រឹត្តទៅនៅវិចិត្រសាល Bonhams ដែលស្ថិតនៅដងវិធី New Bond Street ទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០២ ខែសីហាខាងមុខនេះ ។

បច្ចុប្បន្ន រថយន្តនេះជាកម្មសិទ្ធិរបស់សារមន្ទីរ Royal British Columbia Museum ក្នុងប្រទេសកាណាដា ហើយរថយន្ត John Lennon Phantom V នឹងធ្វើដំណើរពីប្រទេសកាណាដា មកកាន់ទីក្រុងឡុងដ៍ ដើម្បីចូលរួមពិព័រណ៍រថយន្ត Rolls-Royce «រថយន្ត Phantom ដ៏អស្ចារ្យ ទាំង ៨» ដែលប្រព្រឹត្តទៅ នៅឯវិចិត្រសាលដេញថ្លៃ Bonhams ស្ថិតនៅផ្លូវ Bond Street ដែលតំបន់នេះត្រូវបានលោក Lennon ជិះរថយន្តមួយគ្រឿងនេះ មកលេងជាប្រចាំនៅចុងទសវត្ស ១៩៦០ ។

កាលពី ៥០ ឆ្នាំមុន ក្រុមចម្រៀង The Beatles ជាក្រុមចម្រៀងប៉ុប ដែលមានលោក Lennon ជាស្ថាបនិក និងជាសមាជិក ផងនោះ បានឈរនៅលើកំពូលតារាងជាមួយនឹងបទចម្រៀងពេញនិយម មានដូចជា I Saw Her Standing There, Can’t Buy Me Love, A Hard Day’s Night, All My Loving, I Should Have Known Better និងបទ I Feel Fine ហើយ
រថយន្ត «John Lennon Phantom V» មានលក្ខណៈជាតារាតន្ត្រីរ៉ុកពិតៗ កន្លែងអង្គុយផ្នែកខាងក្រោយ ត្រូវបានកែច្នៃ ជាកន្លែងគេង សម្រាប់មនុស្សពីរនាក់ ហើយក៏មានការដំឡើងទូរទស្សន៍មួយគ្រឿង ទូរស័ព្ទ និងទូរទឹកកក នៅក្នុងនោះដែរ ព្រមជាមួយនឹងម៉ាស៊ីនចាក់ថាសចម្រៀង និងប្រព័ន្ធសំឡេងពិសេស (ដែលមានបំពាក់គ្រឿងបំពងសំឡេងផងដែរ) ។

ផ្ទៃពណ៌ថ្មី ត្រូវបានពណ៌នាថា «រវើរវាយ» ហើយពណ៌ទាំងនោះ ជាពិសេស គឺពណ៌លឿងដែលច្រើនជាងគេ ឆ្លុះបញ្ចាំងឲ្យឃើញអំពីព៌ណក្របអាល់ប៊ុម Sgt. Pepper’s Lonely Hearts Club Band ។ ប៉ុន្តែ បើសំឡឹងឲ្យហ្មត់ចត់ អ្នកនឹងឃើញថា ផ្ទៃពណ៌នោះ មិនមែនមានរាងបត់បែនចៃដន្យនោះទេ ប៉ុន្តែជារចនាបថរ៉ូមានី បែបផ្កាភ្ញី ដូចមានប្រើសម្រាប់រចនារទេះអ្នកដំណើរ និងនាវាដឹកមនុស្សតាមព្រែកដូច្នោះដែរ ។ ទន្ទឹមនឹងនេះ នៅលើដំបូលរថយន្តក៏មានជាការរចនារូបរាសីចក្រថែមទៀតផង ៕