(សៀមរាប)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី១៤ ខែកក្កដានេះ បានទទួលស្វាគមន៍ លោក ទៀ សីហា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងសមាជិកចំនួន២០០នាក់, សិស្សសាលាវិទ្យាល័យ ប្រាសាទបាគងចំនួន៨០០នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូ និងមន្ត្រីមណ្ឌលសុខភាពបាគងចំនួន៦៨នាក់ បានធ្វើទស្សនកិច្ចសារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីនស៉ីម៉ាក់ ខេត្តសៀមរាប។
លោក ហេង រតនា បានបញ្ជាក់ថា ក្នុងឱកាសធ្វើទស្សនកិច្ចនោះ យុវជន សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ បានស្វែងយល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាម និង បញ្ហាប្រឈមជាមួយដំណោះស្រាយ ដែលប្រជាជន និងរាជរដ្ឋាបាល បានរួមគ្នាខិតខំលុបបំបាត់វិបត្តិនេះ ដើម្បីប្រជាជនអាចរស់នៅ និងកសាងសេដ្ឋកិច្ចគ្រួសារ ប្រកបដោយសុខសុវតិ្ថភាព និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួន។
សូមជម្រាបថា សារមន្ទីរសន្តិភាព សកម្មភាពកំំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំំ ស្រុកបាសាទបាគង ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា នៅខេត្តសៀមរាប ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ៕