(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា ការជួញដូរមូលបត្រតាមប្រព័ន្ធ Online នឹងអាចដំណើរការជាផ្លូវការនៅចុងឆ្នាំ២០១៧នេះ។
ការលើកឡើងបែបនេះ របស់លោក ហុង សុហួរ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងសិក្ខាសាលាស្ដីពី ទីផ្សារមូលធន ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន Bloomberg។
បើតាមលោក ហុង សុហួរ ការប្រព័ន្ធជួញដូរ មូលបត្រតាមប្រព័ន្ធ Online ដែលអនុញ្ញាតឲ្យវិនិយោគិន ងាយស្រួលជួញដូរ និងទទួលបានព័ត៌មានមូលបត្រ ឆាប់រហ័ស ដែលអាចនឹងជំរុញសកម្មភាពជួញដូរមូលបត្រនៅកម្ពុជា កាន់តែមានសកម្មភាពខ្លាំងជាងមុន។
លោកបន្តថា ផ្សារមូលបត្រកម្ពុជា បានចូលរួមយ៉ាងពេញទំហឹង ក្នុងការកសាងទីផ្សារមូលធនសម្រាប់កម្ពុជា ដោយយើងបានធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិន និងក្រុមហ៊ុនចុះបញ្ជីផងដែរ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ក៏បានថ្លែងថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានទីផ្សារចំនួនពីរសម្រាប់ក្រុមហ៊ុនចុះបញ្ជី ដែលទីមួយ គឺផ្សារគោល ដែលសម្រាប់សហគ្រាសធនធំ និងទីផ្សារមួយទៀត គឺទីផ្សារកំណើន ដែលសម្រាប់សហគ្រាសធនតូច និងមធ្យម ហើយទីផ្សារសញ្ញាប័ណ្ណ និងគម្រោងវិនិយោគរួមនឹងក្លាយផលិតផលថ្មី របស់ទីផ្សារមូលបត្រកម្ពុជា នាពេលឆាប់ៗនេះដែរ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៥ហើយ បានចុះបញ្ជីក្នុងផ្សារមូលបត្ររួចហើយ ក្នុងនោះ មានរដ្ឋាករទឹកស្វ័យតភ្នំពេញ, ក្រុមហ៊ុន Grant tween international (Cambodia) PLC កំពង់ផែស្វយ័ត ភ្នំពេញ, ក្រុមហ៊ុន Phnom Penh SEZ PLC និងចុងក្រោយនេះ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕