(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ នៅការិយាល័យកណ្តាល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស័្មគ្រចិត្តជាលើកទី១ ក្នុងនោះមានការស្ម័គ្រចិត្ត យ៉ាងសស្រាក់សស្រាំ ពីសំណាក់បុគ្គលិកអម្រឹត ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ធំមួយនេះ តែងតែយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែក កិច្ចការជួយដល់សង្គម។
ការបរិច្ចាគឈាមនេះ ធ្វើឡើងក្រោមប្រធានបទ «ផ្តល់ឈាមរក្សាជីវិត» ឬ«Give Blood save life» និងជាលើកទី១ ដែលអម្រឹតបានរៀបចំ នូវកម្មវិធីបរិច្ចាគឈាមនេះឡើង ខណៈដែលថ្នាក់គ្រប់គ្រងរបស់អម្រឹត ក៏មានគំរោងក្នុងការរៀបចំកម្មវិធី បរិច្ចាគឈាមនេះឡើង ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីជួយដល់សង្គមផ្សេងៗ នាពេលកន្លងមក ដែលអម្រឹតបានចូលរួមកក្នុងឆ្នាំ២០១៧ នេះ មានដូចជា កម្មវិធីបរិស្ថាន «ជំរំតង់មេត្រីភាពបរិស្ថាន» ឆ្នាំ២០១៧ នៅតំបន់រ៉ាមសារ ទន្លេមេគង្គ ខេត្តស្ទឹងត្រែង, ការផ្តល់ធុងសំរាម២០ធុង ដល់មន្ទីរបរិស្ថានខេត្តសៀមរាប, ការចូលរួមជាមួយកាកបាទក្រហមកម្ពុជា, ការចូលរួមកែលំអសោភ័ណភាពទីក្រុងស្អាត នៅខេត្តកំពង់ឆ្នាំង ក៏ដូចជាគម្រោង ក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ហើយនិងបន្តគាំទ្រ ចំពោះកិច្ចការសង្គមផ្សេងៗទៀត ផងដែរ៕