(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាជិត១១ម៉ឺនដុល្លារ ជូនស្នងការនគរបាលរាជធានីភ្នំពេញ សម្រាប់ការចំណាយផ្សេងៗ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ថវិកាទាំងអស់នេះ ត្រូវបានបែកចែកជា ថវិកា២០លានរៀន ជូនស្នងការនគរបាលរាជធានីភ្នំពេញ, ១០ម៉ឺនដុល្លារ សម្រាប់ធ្វើរនាំងដែកក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ និង២ម៉ឺនដុល្លារ សម្រាប់ធ្វើការជួសជុលមធ្យោបាយធ្វើដំណើររបស់កងកម្លាំង ដែលខូចខាត ហើយលោកក៏បានប្រគល់កុំព្យូទ័រ ជូនសម្រាប់ប្រើប្រាស់កិច្ចការរដ្ឋបាលផងដែរ។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ ដែលជាប្រធានគណៈបញ្ជាការឯកភាពនោះ ត្រូវបានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានកាន់តែខ្លាំងថែមទៀត ប៉ុន្ដែចំពោះការងារបម្រើសាធារណៈវិញ ក៏ត្រូវបម្រើជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ចិត្តផងដែរ ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អភិបាលរាជធានីភ្នំពេញ បានលើកឡើងផងដែរថា នាពេលខាងមុខនេះ លោកនឹងចាត់ឲ្យកម្លាំងនគរបាលចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ចែកមួកសុវត្ថិភាពជូនសិស្សានុសិស្ស ដែលតម្រូវឲ្យសិស្សានុសិស្សទាំងអស់ឆ្លើយនូវសំណួរពាក់ព័ន្ធជាមួយច្បាប់ចរាចរណ៍ កាលណាឆ្លើយត្រូវនឹងបានមួកមួយភ្លាម ដែលមានតម្លៃ១០ដុល្លារ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបន្ដរំលឹកឡើងវិញ ឲ្យកម្លាំងនគរបាលនូវតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋាន ត្រូវបានខំប្រឹងទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យខាតតែបាន៕