(ភ្នំពេញ)៖ លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមគ្រួសាររបស់លោកនៅជំពាក់ថវិកាថ្លៃបបរ និងការចំណាយផ្សេងៗសរុបជាង ៧ពាន់ដុល្លារអាមេរិក ហើយបានអំពាវនាវដល់អ្នកដែលស្រឡាញ់ និងគាំទ្រលោក កែម ឡី ជួយបរិច្ចាគថវិកា ដើម្បីដោះស្រាយបំណុលទាំងអស់នេះ ព្រោះក្រុមគ្រួសាររបស់លោកក៏ខ្វះខាតផងដែរ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក កែម រិទ្ធិសិទ្ធ បានបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួបមួយឆ្នាំនៃមរណភាពរបស់លោក កែម ឡី ដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ គឺបានចំណាយថវិកា ជិត ២ម៉ឺនដុល្លារ ហើយបច្ច័យពីអ្នកចូលរួមក្នុងពិធីបុណ្យនេះ បានជាង ១ម៉ឺនដុល្លារ។
បើតាមលោក កែម រិទ្ធិសិទ្ធ ក្នុងពិធីបុណ្យគម្រប់មួយឆ្នាំនៃមរណភាពបងប្រុសរបស់លោក គឺអស់បបរជាង ១០០ខ្ទះ និងបាយជាច្រើនខ្ទះ ទៀត។ ក្រៅពីបបរ និងបាយដែលទទួលអ្នកចូលរួមឲ្យបានសមរម្យហើយនោះ នៅមានការចំណាយផ្សេងៗជាច្រើនទៀត ដូចជាការរាប់បាត្រ និងប្រគេនទេយ្យទាន ព្រមទាំងបច្ច័យដល់ព្រះសង្ឃជាដើម។
លោក កែម រិទ្ធិសិទ្ធ ជួសមុខឲ្យក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយផ្សេងៗ ដែលក្រុមគ្រួសារលោកកំពុងជំពាក់គេនេះ ព្រោះពេលបច្ចុប្បន្នក្រុមគ្រួសាររបស់លោកក៏មិនសូវ ជាធូរធានោះដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់ សម្លាប់នៅក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន។ ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដែលធ្វើឡើងនៅផ្ទះកំណើតរបស់លោកក្នុងភូមិអង់តាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គេសង្កេតឃើញមានការអញ្ជើញចូលរួមបុណ្យសពជាច្រើនផង ដែរពីសំណាក់គណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ ដែលស្រឡាញ់ និងគោរពលោក កែម ឡី៕