(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបលើកទី២៤ កងរាជអាវុធហត្ថ បានរៀបចំប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់ខ្លួន នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនភ្នំជុំរាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ពិធីនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំក្នុងជួរកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។
សូមអានប្រវត្ដិសង្ខេបនៃការបង្កើតកងរាជអាវុធហត្ថ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖
កងរាជអាវុធហត្ថ ជាភាសាបារាំងគឺ Gendarme ឬGendarmerie ជាពាក្យកម្លាយមកពី «Gens D'armes» មានន័យថាបុរសប្រដាប់ដោយអាវុធ (men-at-arms)។ តាមការសិក្សាស្រាវជ្រាវ ប្រទេសបារាំងជាអ្នកបង្កើតកងរាជអាវុធហត្ថមុនគេបង្អស់ រហូតដល់បច្ចុប្បន្ន ហើយនៅលើពិភពលោកនេះ ប្រទេសដែលមានកម្លាំងកងរាជអាវុធហត្ថ ចំនួនប្រមាណ៤០ប្រទេសប៉ុណ្ណោះ ហើយភាគច្រើនជាប្រទេសនៅតំបន់អ៊ឺរ៉ុប។
កងរាជអាវុធហត្ថ = កង+រាជ+អាវុធ+ហត្ថ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត៖
- «កង» មានន័យថា ពួក ក្រុម កងទ័ព
- «រាជ» មានន័យថា អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយ
- «អាវុធ» មានន័យថា គ្រឿងប្រហារ ឬគ្រឿងចម្បាំងផ្សេងៗ
- «ហត្ថ» មានន័យថា ដៃ
សរុបមកអត្ថន័យកងរាជអាវុធហត្ថបានថា គឺជាក្រុម ឬកងប្រដាប់ដោយគ្រឿងចម្បាំងផ្សេងៗ ញ៉ាំងប្រជាពលរដ្ឋឲ្យរីករាយ។ កន្លងទៅ សាធារណៈជនមួយចំនួន មិនទាន់យល់ច្បាស់អំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថនៅឡើយទេ ព្រោះនៅពេលកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ ជាជនស៊ីវិលនៅក្នុងករណីបទល្មើសជាក់ស្តែងមួយ សាធារណៈជនខ្លះគាត់បាននិយាយថា ហេតុអ្វីបានជាប៉េអឹម «PM» មកចាប់ជនស៊ីវិល ប៉េអឹមចាប់បានតែទាហានប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ សាធារណៈជនខ្លះគាត់បានហៅកងរាជអាវុធហត្ថថា ប៉េអឹម «PM» ការហៅនេះមិនមែនខុសនោះទេ គឺគ្រាន់តែមិនទាន់ត្រឹមត្រូវទាំងស្រុង ព្រោះពាក្យ ប៉េអឹម «PM=Police Military» គឺជាតម្រួតយោធា ហើយតម្រួតយោធា គឺគ្រាន់តែជាផ្នែកមួយ នៃតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថតែប៉ុណ្ណោះ។
កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងនៅក្នុងរបបសង្គមរាស្ត្រនិយម តាមព្រះរាជក្រឹត្យលេខ៤៤៦SN និង៤៤៧SN ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា កងរាជអាវុធហត្ថខ្មែរ «GENDARMERIE ROYALE KHMERE អក្សរកាត់ GRK»។ ដោយសារការវិវត្តនៃរបបនយោបាយ កងរាជអាវុធហត្ថខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា កងអាវុធហត្ថជាតិ តាមក្រឹត្យលេខ៥៧៤/៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧១។ កងអាវុធហត្ថជាតិ ត្រូវបានលុបបំបាត់ចោលដូចស្ថាប័នផ្សេងៗដែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គ្មានកម្លាំងកងរាជអាវុធហត្ថទេ គឺមានតែកម្លាំងតម្រួតយោធា ដែលធ្វើកិច្ចការខាងត្រួតត្រាបទបញ្ជា និងពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ពតែប៉ុណ្ណោះ។
នៅក្នុងគ្រាអនុវត្តនយោបាយបង្រួបបង្រួមជាតិ នាំដល់ការបង្រួបបង្រួមកងទ័ពនៃបណ្តាភាគីជម្លោះ ឲ្យទៅជាកងទ័ពជាតិតែមួយ ដោយស្មារតីនេះហើយ ត្រូវបានបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ក្នុងរចនាសម្ពន្ធចាត់តាំង អគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ ហេតុដូចនេះហើយ បានជាយើងចាត់ទុកថ្ងៃទី១៤ កក្កដា ១៩៩៣ ជាទិវាបង្កើតកងរាជអាវុធហត្ថ។ នៅពេលនោះ តួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ មានត្រឹមតែជាតម្រួតយោធាប៉ុណ្ណោះ គឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់កងទ័ព និងបទល្មើសយោធា។
ទន្ទឹមនឹងនោះដែរ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហាន តាមកងឯកភាពនានាទូទាំងប្រទេស ដែលមានលក្ខណៈសម្បត្តិល្អតាមការកំណត់ ហើយចាប់ផ្តើមដំណើរការហ្វឹកហ្វឺនជំនាញឯកទេស វិជ្ជាជីវៈកងរាជអាវុធហត្ថ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា «អ៊ុនតាក់»។
យោងតាមសំណូមពរភារកិច្ចក្នុង ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹងការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា និងបានពង្រីកវិសាលភាព តួនាទីភារកិច្ច កងរាជអាវុធហត្ថបន្ថែមទៀត។
អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញ ដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។ បេសកកម្មរបស់កងរាជអាវុធហត្ថមានចែងក្នុង មាត្រា៤ នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ៖
១៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល៖ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខសង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថរ៉ាប់រងឲ្យមានការគោរពច្បាប់ និងបទបញ្ជាទាំងឡាយ។
២៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ៖ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌ នៅពេលដែលទទួលបាននីតិសម្បទា តាមក្រមនីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន។
៣៖ បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា៖ ទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការ ប៉ូលីសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។
៤៖ ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។
ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ រវាងសាធារណរដ្ឋបារាំង និងកម្ពុជា ដោយក្នុងអនុស្សរណៈបានសង្កត់ធ្ងន់ ភាគីបារាំងទទួលខុសត្រូវជួយកសាងធនធានមនុស្សឲ្យស្របតាមតួនាទីភារកិច្ច ដូច្នេះហើយ បានជាវគ្គបណ្តុះបណ្តាលកងរាជអាវុធហត្ថចាប់ដំណើរការឡើងក្នុងឆ្នាំ១៩៩៤ ដោយរៀបចំជួសជុល និងសាងសង់ សាលាកងរាជអាវុធហត្ថកំបូល ព្រមទាំងទទួលបានសម្ភារៈ មធ្យោបាយមួយចំនួន២ប្រទេសបារាំង។
នៅគ្រាដំបូង មានតែបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយប៉ុណ្ណោះ និងបន្ទាប់មកទើបរៀបចំតាមបណ្តារាជធានី ខេត្តមួយចំនួន ដែលចាំបាច់ក្នុងនោះមានជាអាទិ៍ សេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុងប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ លុះដល់ពាក់កណ្តាលឆ្នាំ១៩៩៥ ទើបមានការបង្កើតបញ្ជាការដ្ឋានកងរាជអាវុធហត្ថគ្រប់ខេត្ត ហើយមកដល់បច្ចុប្បន្នមាន២៥រាជធានី-ខេត្ត មានកងរាជអាវុធហត្ថចល័ត និងមានសាលាចំនួន២ ក្នុងនោះមានសាលាកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។
កន្លងទៅនេះ កងរាជអាវុធហត្ថបានរួមចំណែក ជាមួយនឹងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀត ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងការអនុវត្តច្បាប់ ហើយដែលលេចធ្លោជាងគេនោះគឺ៖
- ការអនុវត្តគោលនយោបាយការប្រមូលអាវុធ ដែលលើសពីសេចក្តីត្រូវការយកទៅកម្ទេចចោល
- បានចូលរួមទប់ស្កាត់នូវការបង្កចលាចលប្រដាប់អាវុធ
- បានរួមចំណែកអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ភាពអាណាធិបតេយ្យជំរិតទារប្រាក់ តាមដងផ្លូវសាធារណៈ
- បានរួមចំណែកក្នុងការស្រាវជ្រាវ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជាពិសេសការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បទល្មើសដឹកជញ្ជូនជួញដូរ ផលិតគ្រឿងញៀន បទល្មើសជួញដូរអាវុធ
- សហការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិជាពិសេស គឺព្រៃឈើ
- ការកៀរគរប្រមូលពន្ធគយ ពន្ធដារ
- ពង្រឹងសណ្តាប់ធ្នាប់ និងវិន័យកងទ័ព នៅតាមទីកន្លែងសាធារណៈ
- ជួយសង្គ្រោះប្រជាជន នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ
- និងបានការពារសុវត្ថិភាពជូនឥស្សរជនជាតិ គណៈប្រតិភូបរទេស និងស្ថាប័នរបស់រដ្ឋ។ល។
រីឯ ការកសាងសមិទ្ធផលវិញ អង្គភាពកងរាជអាវុធហត្ថ បានធ្វើការហ្វឹកហ្វឺន និងបណ្តុះបណ្តាលធនធានមនុស្ស បានកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរំជម្រក កន្លែងធ្វើការស្នាក់នៅរៀនសូត្រ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ហូបឆ្អែតប្រកបដោយអនាម័យ និងការអនុវត្តគោលនយោបាយ ចំពោះបុគ្គលិកកងរាជអាវុធហត្ថ ក្នុងអង្គភាពនៅពេលជួបការលំបាក ជំងឺ ពលី មរណៈ។ល។ លើសពីនេះ បានកសាងឲ្យកងរាជអាវុធហត្ថ ជាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងប្រតិបត្តិច្បាប់ និងជាបង្អែកនៃខឿនសន្តិសុខរបស់ប្រជាជន។
កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ច ជាពិសេសក្រោមការដឹកនាំបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។
នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអ្នកដឹកនាំមួយរូប ដែលមានទស្សនវិស័យវែងឆ្ងាយ មានសេចក្តីក្លាហាន មានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេស ចូលរួមពង្រឹងការអនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កងរាជអាវុធហត្ថ បានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តបទបញ្ជា គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឲ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជន និងប្រទេសជាតិ៕