(កណ្តាល)៖ ទានធំៗចំនួន៦គូ និងតេយ្យព្រះទានមួយចំនួន ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកគយ ស្រុកស្អាង ដង្ហែរយកទៅប្រគេនដល់ព្រះសង្ឃចំនួន៣វត្ត រួមមាន វត្តព្រែកតូច វត្តត្រពាំងឈូក និងវត្តធនមន្ត ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងពេលចូលព្រះវស្សា រយៈពេល៣ខែខាងមុខ។
ការជួយទំនុកបម្រុងក្នុងវិស័យពុទ្ធចក្រនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ រួមគ្នានៅក្នុងវត្តព្រែកតូច ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពលោក សន វី ប្រធានក្រុមការងារចុះជួយឃុំព្រែកគយ រួមនិងក្រុមការងារជាច្រើននាក់ទៀត។
លោក សន វី បានឲ្យដឹងថា ទានព្រះវស្សាចំនួន៣គូ និងតេយ្យទានមួយចំនួន ដែលនាំយកមកប្រគល់ជូនវត្តទាំង៣នេះ គឺបានមកពីក្រុមការងាររួមជាមួយនិងលោកផ្ទាល់ ក៏ដូចជាអាជ្ញាធរស្រុកស្អាងផងដែរ បានមូលមតិគ្នាជាឯកឆន្ទ ដើម្បីទិញសម្ភារៈរួចហែរយកមកប្រគេនព្រះសង្ឃ ចាត់ចែងប្រើប្រាស់សម្រាប់ព្រះគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ (ត្រីមាស)។
សម្ភារៈដែលនាំយកមកប្រគល់ជូនក្នុងមួយវត្តៗ នាពេលនោះ រួមមាន៖ ទានវស្សា១គូ អង្គ១បាវ ប្រេង១កាន បច្ច័យ៤០,០០០រៀល ស្លាដក១ ត្រីខ១យួរ មី៣កេះ តែធំ២កញ្ចប់ ស្ករស៣គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេស ចំណែកអាជ្ញាធរស្រុកបានចូលរួម ១,០០០,០០០រៀល និងអង្ក៣បាវ ស្មើ១៥០គីឡូក្រាមផងដែរ។
ជាមួយគ្នានោះ គណៈកម្មការវត្តក៏ដូចជាព្រះសង្ឃទាំង៣វត្ត បានឲ្យពរជ័យ និងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយឃុំព្រែកគយ ក៏ដូចជាអាជ្ញាធរស្រុកស្អាង ដែលបានយកចិត្តទុកដាក់ និងជួយលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា ឲ្យកាន់រីកចម្រើនបន្ថែមទៀត។
សូមជម្រាបថា រដូវចូលព្រះវស្សាឆ្នាំ២០១៧នេះ ត្រូវបានចាប់ផ្ដើមឡើងកាលពីថ្ងៃ១រោច ខែអាសាឍ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដែលមានរយៈពេល៣ខែ (ត្រីមាស) ពោលរហូតដល់ថ្ងៃ១រោច ខែអស្សុច ត្រូវនឹងថ្ងៃទី០៦ ខែតុលា ទើបដល់ពេលចេញព្រះវស្សា៕