(ភ្នំពេញ)៖ ជនជាតិឡាវម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។
លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភុំ ម៉ាឡាតខាំពុន អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៨០លានរៀល ។
នាពេលសវនាការកន្លងទៅ ជនជាប់ចោទបដិសេធថា ពុំបានជួញដូរគ្រឿងញៀនដូចការចោទប្រកាន់នោះទេ ពោលគឺគ្រាន់តែចូលមកកម្ពុជាជាអ្នកទេសចរណ៍ប៉ុណ្ណោះ ។
គួររំលឹកថា ហេតុការណ៍ចុះបង្រ្កាបគ្រឿងញៀនជាក់ស្តែងនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខណៈរថយន្តឈ្នួលមួយ គ្រឿងនោះ បើកពីស្ទឹងត្រែងមកភ្នំពេញ មកដល់ចំណុចខាងមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យធំ ផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ៕