(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបាញ់ជិត១០គ្រាប់ ទាំងកណ្តាលយប់នៅខណ្ឌដូនពេញ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស្រី ម៉ាកនី បញ្ចប់ការសួរចម្លើយនៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានោះទេ ដោយត្រូវបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញវិញ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ Fresh News លោក ស្រី ម៉ាកនី ជាព្រះរាជអាជ្ញារង បញ្ចប់ការសាកសួរហើយ កំពុងពិនិត្យឯកសារ មុនឈានដល់ការសម្រេច។
សូមបញ្ជាក់ថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងបាញ់យ៉ាងចាស់ដៃ នៅខណ្ឌដូនពេញនេះ មានឈ្មោះទូច បូភាព អាយុ៣៥ឆ្នាំ ដែលបានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព បានធ្វើសកម្មភាពបាញ់រះជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
ការចូលសារភាពកំហុសរបស់ ជនសង្ស័យខាងលើនេះ ក៏បានធ្វើឡើងបន្ទាប់ពីមានការចេញដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញផងដែរ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៕