(ព្រះសីហនុ)៖ ជាបទបញ្ជាដ៏តឹងរឹងមួយសម្រាប់សកម្មភាពដុតកំជ្រួច និងបង្ហោះគោមនៅតាមមាត់សមុទ្រនៅពេលយប់នោះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ មិនឲ្យកើតមានឡើងតទៅទៀតឡើយ ពីព្រោះនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង ជាពិសេសនោះគឺក្រុមភ្ញៀវជាតិ និងអន្តរជាតិដែលទៅកំសាន្តនៅទីនោះ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ដោយសារតែការដុតកំាជ្រួច និងបង្ហោះគោមនៅតាមមាត់សមុទ្រនាពេលរាត្រី បង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ រហូតមានអ្នករងរបួសផងនោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ ចុះទៅទប់ស្កាត់សកម្មភាពទាំងនេះ ប៉ុន្តែមុនពេលកម្លាំងរបស់យើងមានវិធានការនោះ គឺមន្រ្តីជំនាញបានចុះណែនាំដល់ទីតាំងលក់ដូរកាំជ្រូច និងគោម ព្រមទាំងធ្វើការផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាននានា ជួយណែនាំទៅភ្ញៀវកុំឲ្យប្រព្រឹត្តសកម្មភាពទាំងនេះ។
បើតាមលោកស្នងការ នៅពេលពួកគាត់មិនស្តាប់ ហើយនៅតែបន្តការលក់ដូរទៀតនោះ គឺកម្លាំងជំនាញរបស់យើងនឹងចុះទៅធ្វើការដកហូតតែម្តង រហូតឈានទៅដល់ការចាត់វិធានការតឹងរឹងជាងនេះ បើសិននៅតែមិនស្តាប់។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យទេសចរណ៍ បានធ្វើការដុតចោលកំជ្រួច ដែលចាប់បានកាលពីយប់ផងដែរ។ លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការលក់ដូរកាំជ្រួច និងគោម ហើយក៏បានដាក់បទបញ្ជាយ៉ាងតឹងរឹង ឲ្យសមត្ថកិច្ចធ្វើការរឹតបន្តឹងបញ្ឈប់ការលក់ដូរកាំជ្រួច និងការដុតលេងនៅតាមឆ្នេរសមុទ្រ។ សិទ្ធិបុគ្គល បើប្រើប្រាស់ទៅប៉ះដល់អ្នកដ៏ទៃ និងផលប្រយោជ៍រួម និងសាធារណៈត្រូវបានហាមឃាត់ដោយច្បាប់។ ពីមុនមកសមត្ថកិច្ចមានការយល់យោគច្រើនណាស់ ប៉ុន្តែមកពីមានការបង្កឲ្យមានអគ្គីភ័យច្រើនលើក ច្រើនសារពេកទើបយើងចាត់វិធានការបែបនេះ។
លោក ប៊ួរ សុធី ការិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល ខេត្តព្រះសីហនុ បានថ្លែងថា កម្លាំងរបស់លោកបានសហការជាមួយ កម្លាំងនគរបាលទេសចរណ៍ បានចុះធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយ អប់រំ បងប្អូនអាជីវករ តាមផ្សារ ផ្សារទំនើប និងតាមផ្ទះ អំពីរការលក់ផាវ កាំជ្រួច និងគោមហោះ ខុសច្បាប់ចំនួន២៥កន្លែង និងតាមឆ្នេរ ដែលនាំឲ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ក្នុងនោះមន្រ្តីនគរបាលបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរតទៅទៀតផងដែរ។
ដោយសារតែការដុតកាំជ្រួចបែបនេះ ប៉ុស្តិ៍ប៉មឆ្មាំសមុទ្រ នៅឆ្នេរអូរឈើទាល ត្រូវអគ្គិភ័យឆាបឆេះដោយសារភ្ញៀវទេសចរណ៍ដុតគោម ហោះធ្លាក់លើដំបូលនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ម្តុំបន្ទាយប៉េអឹមចាស់ ដែលបណ្តាលឲ្យឆេះប៉មយាមឆ្មាំសមុទ្រមួយស្ទើរអស់ទាំងស្រុង សង់អំពីឈើប្រក់ស្បូវ។
លោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងដោយសារមានភ្ញៀវទេសចរម្នាក់ បានដុតគោមបង្ហោះលេង ហើយត្រូវខ្យល់ផាត់រសាត់ មកធ្លាក់លើដំបូលប៉មយាមដែលប្រក់ស្បូវ បណ្តាលឲ្យឆាបឆេះតែម្តង។ ហើយភ្ញៀវទេសចរណ៍ម្នាក់នោះ ក៏បានគេចបាត់ទៅ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ សកម្មភាពការលក់កាំជ្រួច និងគោមជាចំហរនោះ ហាក់ដូចជាស្ងាប់ស្ងាត់ហើយ ប៉ុន្តែនៅតែមានការលួចលាក់ និងម្យ៉ាងទៀតក្រុមភ្ញៀវទេសចរណ៍មកពីតាមបណ្តារាជធានី-ខេត្ត បានយកតាមខ្លួន (ដាក់ក្នុងគូទឡាន) ដើម្បីមកដុត។
យ៉ាងណាក៏ដោយ លោកស្នងការ ក៏ចាត់ឲ្យមន្រ្តីចុះទៅណែនាំដល់ម្ចាស់ហាងនានា ជួយសហការជាមួយមន្រ្តីនគរបាល ដោយជួយប្រាប់ទៅក្រុមភ្ញៀវទាំងនោះ កុំឲ្យដុត ហើយបើពួកគាត់មិនស្តាប់ សូមឲ្យរាយការណ៍មកមន្រ្តីនគរបាលរបស់យើងដើម្បីចុះទៅទប់ស្កាត់៕