(កំពង់ធំ)៖ មនុស្សម្នាក់ៗ តែងតែប្រាថ្នារកជីវិតគូស្រករ គ្រាន់តែជីវិតគូនោះល្អ ឬអាក្រក់ផ្តោតទៅលើវាសនា និងព្រហ្មលិខិត, ជាក់ស្តើងជីវិតគូដណ្តឹងមួយគូ ដល់ថ្ងៃភ្ជាប់ពាក្យទៅហើយ ស្រាប់តែខាងប្រុសត្រូវឆក់ខ្សែភ្លើងស្លាប់ជាមួយនឹងឪពុក ខណៈឪពុកបង្កើតកូនក្រមុំ រងរបួសធ្ងន់ធ្ងរ។

ហេតុការណករណីឆក់ខ្សែភ្លើងនេះ បង្កឱ្យមានភាពផ្អើលនេះ កើតឡើងនៅម៉ោង៤៖២៥នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សឿង ភា នាយប៉ុស្តិ៍ឃុំប្រាសាទ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកនេះថា ជនរងគ្រោះទី១៖ ឈ្មោះ ខុំ ខេន អាយុ២៩ឆ្នាំ ជាកូនកម្លោះ (ស្លាប់), ទី២៖ ឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) ត្រូវជាបងជីដូនកូនក្រមុំ, ទី៣៖ ឈ្មោ ចែត ជឿន អាយុ៦៧ឆ្នាំ ឪពុកបង្កើតកូនក្រមុំ (មានសភាពធ្ងន់ធ្ងរ) យកទៅសង្រ្គោះនៅ មន្ទីពេទ្យខេត្តកំពង់ធំ ខណៈកូនក្រមុំឈ្មោះ សា រ៉េត អាយុ២៥ឆ្នាំ។

សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះរងគ្រោះរៀបចំពិធីភ្ជាប់ពាក្យ ដោយបានដំឡើងរោងរួចរាល់អស់ហើយ។ ជនរងគ្រោះទាំង៣នាក់ បានលើកមេក្រូឡើងលើ ដោយមេក្រូនោះមានដងដែកផង ស្រាប់តែប៉ះខ្សែភ្លើងខាងលើដែលមានខ្សែ៣ធំៗ បណ្តាលឱ្យឆក់តែម្តង។

ក្រោយខ្សែរភ្លើងឆក់បងប្អូនសាច់ញាតិយកជនរងគ្រោះទាំង៣នាក់ កប់ដីខ្សាច់ក្រោយមក រថយន្តសង្គ្រោះក៏បានដឹកយកទៅសង្រ្គោះបន្ត នៅមន្ទីពេទ្យខេត្តកំពង់ធំ តែជាអកុសលមនុស្ស២នាក់ ទៅមន្ទីពេទ្យខេត្តកំពង់ធំ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏ត្រូវបងប្អូន​សាច់ញាតិដឹកមកធ្វើបុណ្យតាមប្រពៃណី៕