(បាត់ដំបង)៖ បុគ្គលិកសហគមន៍សន្សំប្រាក់មាន៤កន្លែង ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានប្រកាសសុំផ្តាច់ខ្លួនចេញពីសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា (CCSF) ដើម្បីធ្វើកិច្ចការដោយឯករាជ្យខ្លួនវិញ ក្រោយភាគីទាំង២ មានទំនាស់ផលប្រយោជន៍ជាមួយគ្នា តែត្រូវបានអាជ្ញាធរស្រុក និងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការសម្របសម្រួល ហើយភាគីទាំង២សុំដកខ្លួនមកពិភាក្សាគ្នាសិន។
លោក ធុច ផល្លា អតីតប្រធានភ្នាក់ងារឥណទានសហគមន៍សន្សំប្រាក់ទាំង៤ ក្នុងស្រុកសង្កែ បានរៀបរាប់ប្រាប់ឲ្យដឹងថា រឿងរ៉ាវនេះបានកើតឡើងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ហើយពួកគេបាននាំគ្នាមកអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីមកសុំសោរចាក់ទ្វារទីស្នាក់ការសហគមន៍ ដើម្បីបើកទ្វារធ្វើការវិញ ខណៈសមត្ថកិច្ចនគរបាលស្រុក បានយកសោរទៅចាក់បិទពីក្រៅ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ដោយសារតែអនុវត្តតាមសហព័ន្ធអះអាងថា បុគ្គលិកសហគមន៍បានសុំលាឈប់ហើយ។
លោក ធុច ផល្លា បានបន្តថា សហគមន៍សន្សំប្រាក់នេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨មក និងបានសហការចូលរួមពីប្រជាពលរដ្ឋតាមការស្ម័គ្រចិត្តនៅតាមផ្ទះក្នុងភូមិ ដោយនាំគ្នាសន្សំប្រាក់ បានជាច្រើនលានរៀល ក្រោយមកក៏បានសហការជាមួយសហព័ន្ធសន្សំប្រាក់កម្ពុជា ខាងបច្ចេកទេស និងដើមទុនចូលរួមមួយចំនួនតាមការស្នើសុំ ជាក់ស្តែងពីសហគមន៍ លុះក្រោយមកសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា CCSF បានធ្វើការងារអ្វីៗ មិនបានឆ្លងកាត់យោបល់ពីសហគមន៍ទេ ធ្វើឲ្យអតីតបុគ្គលិកសហគមន៍ ទាំង៤ មិនសប្បាយចិត្ត ក៏នាំគ្នាលាឈប់ពីការងារពីសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា ដើម្បីនាំគ្នាមកធ្វើការងាររួមគ្នាជាសហគមន៍ចាស់ដូចមុនវិញ។
លោកបានបញ្ជាក់ទៀតថា សហគមន៍ទាំង៤នេះមាន៖ ទី១.សហគមន៍វឌ្ឍនៈ, ទី២.សហគមន៍អូរមុនី, ទី៣.សហគមន៍កំពង់ព្រៀង និងទី៤.សហគមន៍ខេមរាទាំង៤ សហគមន៍នេះ បានបញ្ចូលគ្នាទៅជាសហគមន៍សង្កែ១ ហើយបានរកប្រាក់សល់រាប់សិបលានរៀល សល់ដី និងអគារទីស្នាក់ការ៤កន្លែងផងដែរ ដោយសារសហព័ន្ធមើលឃើញ ផលប្រយោជន៍ទាំងនេះ ហើយបានធ្វើឲ្យពួកគេមិនសប្បាយចិត្ត ក្នុងគំនាបរបស់សហព័ន្ធ ទើបនាំគ្នាលាលែងឈប់ទាំងអស់គ្នា។
លោក មាស ធន ប្រធានប្រតិបត្តិសហព័ន្ធសហគមន៍សន្សំប្រាក់កម្ពុជា បានបញ្ជាក់ នៅក្នុងអង្គប្រជុំសម្របសម្រួលនៅអធិការស្រុកជាមួយភាគីទាំងអស់ថា មូលហេតុដែលធ្វើឲ្យចាក់សោរពីខាងក្រៅនេះ គឺមកពីភាគីខាងសហគមន៍នាំគ្នាដាក់ពាក្យសុំឈប់ហើយ បានន័យថាអស់សិទ្ធមកចូលក្នុងទីស្នាក់ការធ្វើការទៀតហើយ និងដើម្បីរក្សាការពារទ្រព្យសម្បត្តិរួម ខាងសហព័ន្ធបានប្តឹងទៅសមត្ថកិច្ចទៅអធិការស្រុកឲ្យជួយអន្តរាគមន៍ឈានដល់ចាក់សោរពីក្រៅបណ្តោះអាសន្នសិន ដោយរងចាំដោះស្រាយវិវាទគ្នាចប់ទើបអាចចូលធ្វើការធម្មតាបាន។
លោក មាស ធន ម្យាងវិញទៀតភាគីសហព័ន្ធគឺមានច្បាប់អាជ្ញាប័ណ្ណត្រឹមត្រូវជាប្រតិបត្តិករឥណទាន និងសន្សំប្រាក់ដូចមុនដដែល មិនមែនធ្វើដោយខុសច្បាប់នោះទេ។
នាថ្ងៃដដែលលោកអភិបាលរងស្រុក និងលោកអធិការស្រុកសង្កែបានអញ្ជើញភាគីទាំង២ចូលធ្វើការសម្របសម្រួលក្នុងបន្ទប់ប្រជុំអធិការស្រុក បានជជែកវែកញែកគ្នាជាច្រើនមិនបានស៊ីសង្វាក់គ្នានោះទេ តែលោក លី រដ្ឋា អភិបាលរងស្រុកបានបង្ហាញគោលជំហរក្នុងនាមអាជ្ញាធរស្រុកឲ្យភាគីទាំង២ ត្រលប់ទៅវិញគិតទាំងអស់គ្នា ហើយមានការសម្បទានគ្នាទៅវិញទៅមកសិន ដើម្បីសម្រួលគ្នាទទួលឲ្យបានចូលធ្វើការទាំងអស់គ្នាវិញ នឹងត្រូវមកជជែកគ្នានៅទីនេះម្តង ឬ២ដងទៀតតាមក្រោយ។
លោកអភិបាលរងបានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ការជជែកគ្នាទាំងសងខាងរួចមក លោកថា បើភាគីសហគមន៍ចង់ផ្តាច់ខ្លួនតាមរយៈប្តឹងទៅតុលាការ គឺមិនចំណេញអីទេ ដោយសារភាគីសហគមន៍ពុំមានអាជ្ញាប័ណ្ណច្បាប់ត្រឹមត្រូវ សម្រាប់ប្រតិបត្តិការឥណទាននោះឡើយ។ ចំណែកភាគីសហព័ន្ធវិញគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ជៀសវាងការខាតបង់ពេលវេលា និងពេលប្របត្តិការឥណទានខ្លួនឯងអត់ច្បាប់នោះគឺរិតតែខុសថែមទៀត ហើយអាជ្ញាធរក៏កំពុងឃ្លាំមើលការងារនេះផងដែរ។ ចុះបើយើងសម្របសម្រួលគ្នានាំគ្នាធ្វើការរួមគ្នាវិញគឺបានចំណេញទាំងអស់គ្នា។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់មូលហេតុដែលលោកបាននាំមន្រ្តីរបស់លោក និងមានសាក្សីភាគីទាំង២ផង ក៏បានយកសោរថ្មីទៅចាក់ក្រៅបន្ថែម ក្នុងគោលបំណងទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិអ្នកទាំងអស់គ្នានោះទេ ម្យ៉ាងវិញទៀត ដោយសារភាគីសហគមន៍បានប្តឹងភាគីសហព័ន្ធទៅតុលាការហើយទើបលោកធ្វើដូច្នេះ ដើម្បីសុវត្តិភាពរងចាំតុលាការកាត់ក្តីឲ្យអ្នកឈ្នះទើបប្រគល់សោរឲ្យអ្នកនោះវិញ។ ហើយការចាក់សោរនោះមិនមែនអាងខ្លួនជាសមត្ថកិច្ចធ្វើស្រេចតែចិត្តនោះទេ គឺអាជ្ញាកណ្តាលការពារផលប្រយោជន៍ទាំងសងខាងទេ។
លោកអភិបាលរងស្រុកបានបញ្ជាក់ប្រាប់ម្តងទៀតថា នាំគ្នាដកខ្លួនយកទៅពិភាក្សាគ្នាសិនទៅចាំបានលទ្ធផលហើយ ភាគីទាំង២នឹងនាំគ្នាមកជួបលោកទៀត រកផ្លូវឈ្នះទាំងអស់គ្នា៕