សវនាការកាត់ទោសអ្នកស្រី ទេព វន្នី និងស្ត្រីសកម្មជនដីធ្លីបឹងកក់៥នាក់ទៀត ក្នុងករណីជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ ត្រូវបានលើកពេលដោយសារ អវត្តមានដើមបណ្តឹង និងសាក្សី (Video inside)
14-07-2017 09:44
(ភ្នំពេញ)៖ សវនាការរឿងក្ដីអ្នកស្រី ទេព វន្នី និងស្ត្រី៥នាក់ទៀត ដែលជាសកម្មជនដីធ្លីបឹងកក់ពាក់ព័ន្ធបទល្មើស ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានលើកពេល ដោយសារអវត្តមានដើមបណ្តឹង និងសាក្សីទាំង៥រូប។ នេះបើតាមយោងមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារ Fresh News កំពុងប្រចាំការយកព័ត៌មាននៅតុលាការ។
សូមបញ្ជាក់ថា ស្ត្រីជាប់ចោទទាំង៦នាក់ឈ្មោះ ទេព វន្នី អាយុ ៣៥ឆ្នាំ ឈ្មោះ ហេង មុំ អាយុ ៤៦ឆ្នាំ ឈ្មោះ ង៉ែត ឃុន អាយុ៧៦ឆ្នាំ ឈ្មោះ ឆេង លាភ អាយុ៤៩ឆ្នាំ ឈ្មោះ គង់ ចាន់ថា អាយុ៤៨ឆ្នាំ និង ឈ្មោះ តុល ស្រីពៅ អាយុ៣៨ឆ្នាំ ជាប់ចោទបទ «ជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់» ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៣៤ ផ្លូវលេខ៨០ ភូមិ២៤ ក្រុម៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ តាមមាត្រា៣០៧ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នមានតែអ្នកស្រី ទេព វន្នី ម្នាក់ប៉ុណ្ណោះកំពុងជាប់ពន្ធនាគារ។ ជាមួយគ្នានេះនៅព្រឹកថ្ងៃដដែលនេះ ក៏ក្រុមស្ត្រីបឹងកក់មួយចំនួនផងដែរ កំពុងប្រមូលផ្ដុំមុខសាលាដំបូងរាជធានីភ្នំពេញ៕