(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំដើម្បីបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ប្រធានតុលាការលោក តាំង ស៊ុនឡាយ ព្រះរាជអាជ្ញារងលោក សៀង សុខ ស្នងការរងតាមផែនជំនាញ អភិបាល អភិបាលរងខណ្ឌទាំង១២ អធិការ អធិការរងខណ្ឌទាំង១២ និងនាយនគរបាលប៉ុស្ដិ៍ទូទាំងរាជធានីភ្នំពេញផងដែរ៕