(ភ្នំពេញ)៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញមកប្រកាសជាថ្មី ម្តងទៀតថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ ខាងមុខនេះ។
ការប្រកាសជាថ្មីរបស់ លោក សម រង្ស៊ី បានធ្វើឡើងនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក សម រង្ស៊ី បានប្រកាសយ៉ាងដូច្នេះថា៖ «I will return to #Cambodia in 2018. Hun Sen is not eternal. (មានន័យថា ខ្ញុំនឹងត្រឡប់ទៅកម្ពុជាវិញ នៅឆ្នាំ២០១៨។ (សម្តេច) ហ៊ុន សែន គឺមិនមែនអមតៈរហូតទេ»។
សូមបញ្ជាក់ថា ការប្រកាសនេះ ធ្វើឡើងមួយខែប៉ុណ្ណោះ បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងរូបនេះ បានផ្តល់បទសម្ភាសដល់ វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ដោយអះអាងថា បើសិនជាមានការបើកផ្លូវ ដោយលុបបំរាម ចំពោះការចូលស្រុករបស់លោកនោះ លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាភ្លាមៗតែម្តង។
បន្ទាប់ពីមានការប្រកាសយ៉ាងក្លាហានបែបនោះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ថ្មីមួយ ដោយសម្រេចលុប ស.ជ.ណ ចាស់ ដែលរារាំងដល់ការ វិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
ប៉ុន្តែទោះជាយ៉ាងណា ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលុបចោលនូវបម្រាមនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក សម រង្ស៊ី បែរជាប្រកាសនៅលើ Twitter វិញថា លោកនឹងមិនទាន់ត្រឡប់មកកម្ពុជាឡើយ លុះត្រាឧបសគ្គនានា ត្រូវបានដោះស្រាយ ដើម្បីសុវត្ថិភាព និងសេរីភាពរបស់លោកទៅវិញ។
លោក សម រង្ស៊ី បានសរសេរយ៉ាងដូច្នេះថា៖ «When all obstacles to my safe return and freedom of movement are cleared, I will return to #Cambodia. #SamRainsy» ដែលមានន័យថា «នៅពេលរាល់បញ្ហាទាំងអស់ដែលរារាំងការវិលត្រឡប់របស់ខ្ញុំទៅកម្ពុជា និងសេរីភាពក្នុងការធ្វើចលនាផ្សេងៗត្រូវបានដោះស្រាយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ»៕