(ភ្នំពេញ)៖ វិទ្យាស្ថានសន្ទនាមេគង្គ ផ្ដល់ថវិកាចំនួន៤,០០០ដុល្លារ ដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក ដើម្បីបន្ដដំណើរការទៅមុខទៀត។

ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ រវាងលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោក Hakan Arstaver នាយកនៃវិទ្យាស្ថានសន្ទនាមេគង្គ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានមួយនេះ ដែលបានផ្ដល់ថវិកាដល់ ស.ស.ស.ក សម្រាប់បន្ដដំណើរការងារទៅមុខទៀត។

សូមជម្រាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង២០រូប និងមានទីប្រឹក្សា៦រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន ។ ស.ស.ស.ក ទទួលបានសមាជិក ជាគ្រួសារអ្នកសារព័ត៌មានចំនួនជិត ៨០០នាក់ មកពីជាង ៣០ស្ថាប័នផ្សព្វផ្សាយ។

បេសកម្មរបស់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា គឺដើម្បីរួមចំណែក គាំពារអ្នកសារព័ត៌មាន ពង្រឹងគុណភាពវិជ្ជាជីវៈ និងពង្រឹងសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ។ ស.ស.ស.ក មានជំនឿថា គុណភាពនៃព័ត៌មាន រួមចំណែកគុណភាពនៃការ គិត និងការសម្រេចចិត្តរបស់សង្គម បានត្រឹមត្រូវ និងធ្វើឲ្យសង្គមកាន់តែរីកចម្រើនជឿនលឿន៕