(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមគម្រោង «ខ្ញុំឆ្នើម» ដោយរៀបចំវគ្គបណ្តុះបណ្តាល នៅវិទ្យាល័យចំនួនពីរ នៅទីរាជធានីភ្នំពេញ ដើម្បីជួយតម្រង់ទិស និងជំរុញសិស្សឆ្នើមប្រចាំសាលានីមួយៗឲ្យមានផ្នត់គំនិតវិជ្ជមាន និងត្រៀមខ្លូនចូលថ្នាក់ឧត្តមសិក្សា ឲ្យទទួលបានជោគជ័យ។
សិស្សឆ្នើមប្រចាំថ្នាក់ទី១១ និងទី១២ ប្រមាណ២០០នាក់មកពីវិទ្យាល័យវត្តកោះ និងវិទ្យាល័យព្រះស៊ីសុវត្ថិ បានចូលរួមក្នុងកម្មវិធី «ខ្ញុំឆ្នើម» នៅថ្ងៃទី១០ និង១២ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាវាឃ្មិនម្នាក់ក្នុងកម្មវិធី «ខ្ញុំឆ្នើម» បានឲ្យដឹងថា «ភាពឆ្នើម ឬភាពជោគជ័យរបស់បុគ្គលម្នាក់ៗ កើតចេញពីការគិត ទង្វើ និងឥរិយាបថរបស់បុគ្គលនោះ។ ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់គ្រួសារខ្ញុំ និងរូបខ្ញុំផ្ទាល់ ដែលធ្លាប់ជាក្មេងប្រុសកើតក្នុងគ្រួសារក្រីក្រ ប្រកបរបរលក់អេដចាយ និងបានខិតខំតស៊ូ ប្រឹងប្រែង រហូតក្លាយជាអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្ញុំចង់ឃើញ យុវជនខ្មែរយើង ជឿជាក់លើខ្លួនឯង ថាខ្លួនជាបុគ្គលឆ្នើម»។
លោក សុខ សុភ័ក្តិ បុគ្គលិកផ្នែកធនធានមនុស្សក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាវាគ្មិនម្នាក់ទៀតបានលើកឡើងថា «ការផ្លាស់ប្តូរផ្នត់គំនិត និងភាសាអង់គ្លេស គឺជាកូនសោសំខាន់ពីរក្នុងការទទួលជោគជ័យ។ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចែករំលែកចំណេះដឹង ដែលខ្ញុំមានក្នុងកម្មវិធីនេះ ពីព្រោះនេះ ជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសកម្ពុជាយើង»។
កញ្ញា រិន សិទ្ធិនារី សិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានឲ្យដឹងថា «វាគ្មិនទាំងអស់សុទ្ធតែល្អ ហើយវាគ្មិនដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺ លោកភីធើរ ព្រោះខ្សែជីវិតរបស់គាត់ បង្ហាញពីការតស៊ូពីគ្រួសារក្រីក្រ រហូតមានអ្វីគ្រប់យ៉ាង។ នេះគឺជាអ្វី ដែលសិស្សានុសិស្សគួរយកគំរូតាម ថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ»។
ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រោងនឹងរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ក្នុងវិទ្យាល័យរដ្ឋចំនួន៨ទៀត ក្នុងរាជធានីភ្នំពេញ៕