(ព្រះវិហារ)៖​ រថយន្តធុនធំមួយគ្រឿង​ដឹកខ្សាច់ ត្រូវបាន​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការ​ឃាត់ទុក​ដើម្បីថ្លឹង​រកចំនួនលើស និងធ្វើការ​ពិន័យតាមច្បាប់​​​ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយរកឃើញថា រថយន្តខាងលើមានទំងន់សរុប៦០តោន ពោលគឺដឹកលើសទំងន់២៥តោន។

លោក លី រតនា មន្ត្រីក្រុមចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើតាមផ្លូវច្បាប់រថយន្តភ្លៅ៥ គឺអាចដឹកជញ្ជូនទំនិញបានត្រឹមទំងន់៣៥តោន តែរថយន្តនេះដឹករហូត៦០តោន ដូច្នេះលើស២៥តោន បើគិតជាថវិកា​ដែលត្រូវធ្វើការពិន័យចូលរដ្ឋ គឺមានចំនួន៧,៥០​០,០០០លានរៀល ហើយក្រោយ​ម្ចាស់បានចូលខ្លួនបង់ពិន័យរួច គឺរថយន្តត្រូវរើទំនិញដែលលើសចេញ ទើបអនុញ្ញាតិឲ្យទៅវិញបាន។

​លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ថែមថា ការឃាត់រថយន្តដឹកលើសទំងន់នេះ គឺមន្ទីរបានសហការជាមួយក្រុមចល័​តរបស់ក្រសួង ដោយមានការណែនាំពីលោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៏ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត។

​រថយន្តដឹកខ្សាច់មួយគ្រឿង ដែលសមត្ថកិច្ចឃាត់ធ្វើការផាក់ពិន័យនេះ ពាក់ស្លាកលេខកំពង់ចាម3A-1350 ហើយត្រូវបានយកមករក្សាទុកនៅក្នុងមន្ទីរ ដើម្បីក្រុមចល័ត​យកជញ្ជីងចល័តមកថ្លឹងតែម្តង។

លោក សំ លាងទ្រី ​បន្តថា ​នៅខេត្តព្រះវិហារ មានរថយន្តធុនធំឆ្លងកាត់ ទាំងពេលយប់ ពេលថ្ងៃ ដែលករណីខ្លះមន្ទីរ មិនអាចធ្វើការត្រួតពិនិត្យកើត ព្រោះ​មិនមានកន្លែងត្រួតពិនិត្យអចិន្ត្រៃយ៏២៤ម៉ោង ដែលកត្តានេះ លោកសូមសំណូមពរទៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រួងសាធារណការ និងដឹកជញ្ជូន មេត្តាអនុញ្ញាតិឲ្យមន្ទីររៀបចំដាក់ជញ្ជីញនៅទីតាំងអចិន្ត្រៃយ៏ណាមួយ ដោយសហការជាមួយក្រុមចល័តក្រសួង ក៏ដូចជាអជ្ញាធរ សមត្ថកិច្ចងាយស្រួលក្នុងការត្រួតពិនិត្យ ហើយ​បានកាត់បន្ថយក្នុងការដឹកជញ្ជូនជញ្ជីងចល័តមក ក្នុងករណីដែល​ឃាត់រថយន្តបានម្តងៗ។

ជាមួយគ្នានោះ លោកប្រធានមន្ទីរ​បានសំណូមពរ ដល់បងប្អូនដែលមានរថយន្តធំៗ ​ក្រុមហ៊ុននានា សូមមេត្តាកុំដឹកសំពីងសំពោង ឬដឹកលើសទំងន់ ដែលជាហេតុធ្វើឲ្យផ្លូវនានារងនូវការខូចខាតយ៉ាងឆាប់រហ័ស៕