(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពង្រឹងប្រសិទ្ធភាព ចំណាយសាធារណៈ ដើម្បីធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន» ដោយការពិគ្រោះយោបល់នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កើនថវិកាបន្ថែមទៀត ដល់វិស័យអប់រំនៅឆ្នាំ២០១៨ ដែលផ្តោតទៅលើគ្រូបង្រៀន និងសាលារៀន។
លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានធ្វើជាសហប្រធាន នៃសិក្ខាសាលាពិគ្រោះយោបល់នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមកពីក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា WB, ADB, EU, UNDP, UNESCO, UNICEF, USIAD, JICA, KOICA, SWEDEN ,WFP អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងនាយកសាលា គ្រូបង្រៀនឆ្នើម និងមន្រ្តីអប់រំមកពីបណ្តាខេត្តមួយចំនួនផងដែរ។
លោក វង្សី វិស្សុត បានឲ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី៤ នៅក្នុងឆ្នាំ២០១៧នេះ គឺធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាព សមិទ្ធិកម្ម និងកំណត់បញ្ហាប្រឈមនានា ក្នុងវិស័យអប់រំ ព្រមទាំងធ្វើការវិភាគសែ្វងរកនូវជម្រើស នៃដំណោះស្រាយដែលល្អបំផុតសម្រាប់កម្ពុជា ហើយរួមគ្នាកំណត់សកម្មភាពអាទិភាព និងសម្រួចអាទិភាព គោលនយោបាយ ជាមួយនឹងការរៀបចំថវិកាឆ្នាំ២០១៨ ក្នុងគោលដៅធ្វើការបែងចែកធនធានឱ្យកាន់តែចំមុខ និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការចំណាយ នៅពេលអនុវត្តផងដែរ។
លោក វង្សី វិស្សុត ក៏បានបញ្ជាក់ដែរថា ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនយ៉ាងគំហុក ពោលគឺពីប្រមាណតែ២៦៩ លានដុល្លារ នៅក្នុងឆ្នាំ២០១៣ឡើងដល់ប្រមាណ៦៧៧ លានដុល្លារ នៅឆ្នាំ២០១៧ ឬពី១.៧៧% នៃផសស នៅឆ្នាំ២០១៣ ឡើងដល់៣.០៨% នៃផសសនៅក្នុងឆ្នាំ២០១៧ ដោយមិនទាន់គិតបញ្ចូល នូវចំណាយវិនិយោគបន្ថែម ដោយរាជរដ្ឋាភិបាលជូនទៅក្រសួងអប់រំ ក្នុងការសាងសង់សាលារៀនបន្ថែមប្រមាណពី៥០ទៅ៦០លានដុល្លារទៀត នៅក្នុងឆ្នាំ២០១៧នេះ។ ដូចនេះ បើគិតពីតួលេខចំណាយសរុប លើវិស័យអប់រំទាំងមូលរបស់ប្រទេសកម្ពុជា គឺមានលក្ខណៈប្រហាក់ប្រហែល នឹងប្រទេសក្នុងតំបន់ហើយ។
លោកបន្តថា នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់នៅ ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាគន្លឹះនៃការអភិវឌ្ឍ ក៏ដូចជាដើម្បីផ្តល់នូវការលើទឹកចិត្ត ដល់ក្រសួងអប់រំផ្ទាល់ ដែលខិតខំសម្រេចបាននូវសមិទ្ធកម្ម ការងារល្លេចធ្លោ និងល្អប្រសើរ។
បន្ទាប់ពីការធ្វើបទបង្ហាញ និងមតិចូលរួមពិភាក្សារបស់អ្នកពាក់ព័ន្ធ អំពីជម្រើសនៃដំណោះស្រាយចំពោះបញ្ហាប្រឈម និងចំណុចខ្វះខាត ព្រមទាំងបញ្ហារចនាសម្ព័ន្ធរ៉ាំរ៉ៃយូរឆ្នាំមួយចំនួន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពចំណាយ ទាំងកម្រិតវិភាជន៍ ទាំងកម្រិតប្រតិបត្តិការ ឱ្យស្របតាមទៅនឹងកំណើន នៃការបង្កើនទំហំចំណាយរួចមក, អង្គប្រជុំបានធ្វើការបូកសរុបនូវធាតុចូល និងលើកជាសំណើនៃដំណោះស្រាយរួមមួយចំនួន សម្រាប់តម្រង់ និងតម្រឹមចំណាយថវិការបស់វិស័យអប់រំ សម្រាប់ឆ្នាំ២០១៨ ដូចខាងក្រោម៖
* គាំទ្រដល់ការកែសម្រួលរចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពស្ថាប័ន របស់ក្រសួងអប់រំ ជាពិសេសពាក់ព័ន្ធនឹងការងាររៀបចំ គោលយោបាយ ការតាមដាន និងត្រួតពិនិត្យ រួមទាំងសមត្ថភាព នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ពិសេសការផ្សាភ្ជាប់នូវកម្មវិធីថវិកាជាមួយនឹង រចនាសម័ន្ធរដ្ឋបាលរបស់ក្រសួង ដែលជាអង្គភាពថវិកា។
* បន្តការគាំទ្រដល់ការអប់រំកម្រិតនៅបឋមសិក្សា និងមធ្យមសិក្សា ទាំងតាមរយៈការបង្កើនទំហំចំណាយថវិកាទាំង តាមរយៈការពង្រឹងប្រសិទ្ធភាពនៃចំណាយ ទាំងក្នុងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ។ ការគាំទ្រនេះ នឹងបន្តផ្តោតលើការទ្រទ្រង់កម្រិត ការចុះឈ្មោះនៃការចូលរៀន និងបង្កើនគុណភាពអប់រំនៅកម្រិតបឋមសិក្សា, បង្កើនលទ្ធភាពចូលរៀន និងគុណភាពអប់រំនៅកម្រិតមធ្យមសិក្សា ឱ្យកាន់តែល្អប្រសើរថែមទៀត, ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន ក៏ដូចជាការអនុវត្តនូវគោលនយោបាយគ្រូបង្រៀន ព្រមទាំងបង្កើនសមត្ថភាព និងគុណភាពនៃអប់រំនៅកម្រិតសាលារៀន តាមរយៈការពង្រឹងការគ្រប់គ្រងសាលារៀន, ការផ្គត់ផ្គងសម្ភារៈសិក្សា និងថវិកា, ការពង្រឹងវិន័យគ្រូបង្រៀន ព្រមទាំងទាក់ទាញការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនៅហ្នឹងកន្លែង។
* ពង្រឹងសាលាគរុកោសល្យគ្រប់កម្រិត ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន តាមរយៈការបំពាក់បន្ថែមនូវសម្ភារៈឧទ្ទេស រួមទាំងការលើកទឹកចិត្តដល់គ្រូឧទ្ទេស ព្រមទាំងការវិនិយោគបន្ថែមលើហេដ្ឋារចនា សម្ព័ន្ធរូបវន្តចាំបាច់មួយចំនួន ដូចជាអគារសិក្សា និងអគារស្នាក់នៅជាដើម។
* គាំទ្រដល់ការបំប៉ន់សមត្ថភាព នាយកសាលាគ្រប់កម្រិតលើជំនាញគ្រប់គ្រងសាលារៀន និងបំប៉នសមត្ថភាពគ្រូបង្រៀន លើវិធីសាស្រ្តបង្រៀន តាមមុខវិជ្ជាឯកទេសរបស់ខ្លួន រួមទាំងការបណ្តុះបណ្តាល ចំណេះជំនាញបច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។
* បង្កើនថវិកាដំណើរការសាលារៀន ហើយផ្ទេរថវិកានេះឱ្យដល់សាលារៀន និងបានទាន់ពេលវេលា ដើម្បីលើកកម្ពស់ប្រសិទ្ធនៃការគ្រប់គ្រងសាលារៀននៅហ្នឹងកន្លែង ទន្ទឹមគ្នានឹងការជំរុញឱ្យមានគណនេយ្យភាព និងការចូលរួមពីសំណាក់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍នៅមូលដ្ឋាន។
* បន្តគាំទ្រដល់ការកែទម្រង់ការប្រឡង ការរៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។
* បន្តវិនិយោគលើការសាងសង់ អគារសិក្សាបន្ថែមទៀត។
* បន្តគាំទ្រដល់ការបន្តបង្កើតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ថែមទៀត។
* បន្តពង្រីកសាលាជំនាន់ថ្មី ជាពិសេសនៅកម្រិតបឋមសិក្សា រួមទាំងឧត្តមសិក្សាផងដែរ។
* បង្កើនការគាំទ្រដល់ការអប់រំនៅឧត្តមសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន លើមុខវិជ្ជាវិទ្យាសាស្រ្តពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (ជំនាញ STEM) ដែលវិស័យឯកជនមិនសូវវិនិយោគ និងដើម្បីបន្តបង្កើនគុណភាព នៃការបណ្តុះបណ្តាល តាមរយៈការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំស្តង់ដារ ព្រមទាំងការធ្វើចំណាត់ថ្នាក់ និងវាយតម្លៃ។
ដើម្បីដោះស្រាយភាពមិនស៊ីគ្នា រវាងទីផ្សារការងារជាមួយនឹងការបណ្តុះបណ្តាលផង និងគំលាតរវាងគុណភាព នៃការបណ្តុះបណ្តាលជាមួយនឹងតម្រូវការ គុណភាពការងារ របស់និយោជកផងដែរ។
* លើកទឹកចិត្តដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាំងខាងផ្នែកវិទ្យាសាស្រ្ត និងទាំងផ្នែកសង្គម៕