(ស្វាយរៀង)៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា «រឿងធ្វើរបងបិទផ្លូវគោក្របីឆ្លងកាត់» ដែលបានលើកឡើងថា មានការជួលដីឲ្យវៀតណាម ហើយវៀតណាមដែលជួលដីនោះ នៅថ្ងៃទី១៣ ខែកក្កដានេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចេញមុខបំភ្លឺ និងអះអាងថាគ្មានការជួលដីឲ្យវៀតណាម ដូចការចោទប្រកាន់ឡើយ។
លោកអភិបាលខេត្ត បានចាត់ឲ្យក្រុមការងារខេត្ត ដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត រួមដំណើរដោយលោកប្រធានមន្ទីរព័ត៌មានខេត្ត ស្នងការរងនគរបាលខេត្ត អភិបាលស្រុកស្វាយជ្រំ អធិការនគរបាលស្រុក កងកម្លាំង មន្ត្រីជំនាញពាក់ព័ន្ធ ចុះផ្ទាល់ដល់ទីតាំងដីជាក់ស្តែង និងធ្វើការដោះស្រាយ សម្របសម្រួលបំភ្លឺជូនមហាជន ពាក់ព័ន្ធរឿងបិទផ្លូវគោក្របីឆ្លងកាត់។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការបំភ្លឺជូនមហាជនដូចតទៅ៖
ទី១៖ ទាក់ទងករណីជួលដីទៅឲ្យវៀតណាម តាមការបំភ្លឺរបស់លោកមេភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ និងឈ្មោះ ពៅ រស់នៅក្រុងស្វាយរៀង ដែលជាម្ចាស់ដីបានបញ្ជាក់អះអាងថា ពុំមានការជួលដីដូចការចោទប្រកាន់របស់សារព័ត៌មាននោះទេ ប៉ុន្តែឈ្មោះ រិន ដែលថាជួលដីឲ្យនោះ គឺជាអ្នកមើលថែស្រូវឲ្យម្ចាស់ដី។
ទី២៖ ពាក់ព័ន្ធការបិទរបងមិនឲ្យគោក្របី ប្រជាពលរដ្ឋឆ្លងកាត់ គឺម្ចាស់ដីបានធ្វើរបងហ៊ុព័ទ្ធដោយខ្សែលួសប្រវែង២០ម៉ែត្រ ក្នុងគោលបំណងដើម្បីការពារផលដំណាំស្រូវរបស់គាត់តែប៉ុណ្ណោះ ប៉ុន្តែដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋ លោកអភិបាលរងខេត្ត និងក្រុមការងារ បានសម្របសម្រួលដោះស្រាយ ជាមួយម្ចាស់ដីឈ្មោះ ពៅ បានយល់ព្រមរុះរើរបងចេញ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ធម្មតាវិញ។
ហេតុដូច្នេះហើយ រដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងសាធារណជន កុំមានការយល់ច្រឡំចំពោះបញ្ហានេះបន្តទៀត៕