(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា នៅឆ្នាំ២០២០ ទេសចរចិននឹងដើរចេញក្រៅ២០០លាននាក់ ដែលកំណើនដ៏ធំនេះ ត្រូវបានអង្គការ UNWTO ចង្អុលប្រាប់ថា ជាកំណើនពិសេសសម្រាប់ ប្រទេសគោលដៅទេសចរណ៍ ដូចជាកម្ពុជាជាដើម។
ដោយសារសក្តានុពលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំរៀបចំយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញទេសចរពីប្រទេសមហាអំណាចមួយនេះ ឲ្យបាន២លាននាក់ នៅឆ្នាំ២០២០។
ការលើកឡើងនេះ ក្នុងឱកាសលោករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) ដឹកនាំដោយលោក ចាង អ៊ីឡុង អគ្គនាយក CNTA នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើការជំរុញការអនុវត្ត អនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលចិន កាលពីពេលកន្លងទៅ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូចិន ពីសក្ដានុពលទេសចរណ៍ជាច្រើនតំបន់ នៅទូទាំងប្រទេសកម្ពុជា ពិសេសតំបន់បេតិកភណ្ឌធំៗរបស់កម្ពុជា (ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក) នៅទីក្រុងសៀមរាប និងតំបន់ជុំវិញ ដូចជាតំបន់បឹងទន្លេសាប តំបន់ព្រែកទ័ល តំបន់ភ្នំគូលែន និងតំបន់នានាជាច្រើនទៀត។
ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការទទួលស្វាគមន៍របស់កម្ពុជា ចំពោះភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ដែលជាភាគីអន្តរជាតិមួយដ៏សំខាន់ បាននិងកំពុងចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ក្នុងនោះកម្ពុជាបានរៀបចំយុទ្ធសាស្រ្ត ទាក់ទាញជាច្រើន ដូចជាសៀវភៅស «China Ready» ការរៀបចំពិព័រណ៍ទេសចរណ៍ អន្តរជាតិជាមួយភាគីចិន ការរៀបចំកិច្ចប្រជុំ ឬសន្និសីទអន្តរជាតិរួមគ្នា ការបង្កើតឲ្យមានការប្រឡង និយាយភាសាចិនល្អជាងគេប្រចាំឆ្នាំនៅកម្ពុជា ការប្រើប្រាស់ភាសា និងអក្សរចិននៅគ្រប់តំបន់ទេសចរណ៍ និងតំបន់ដែលមានទេសចរ និងអ្នកវិនិយោគចិនទៅដល់ រួមជាមួយផែនការយុទ្ធសាស្រ្តជាច្រើនទៀត។
លោកបានថ្លែងទៅកាន់ភាគីចិនថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ កម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart -CTM) លើកទី១ លើទឹកដីសៀមរាបអង្គរ ដែលទាំងនេះហើយ គឺជាយុទ្ធសាស្រ្តសំខាន់មួយ ក្នុងចំណោមផែនការយុទ្ធសាស្រ្តដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលចិន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា កាលពីពេលកន្លងទៅ និងបានប្ដេជ្ញាចិត្តថា នឹងខិតខំរួមគ្នាអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនឲ្យបានល្អផងដែរ។ ចំណែកលោកអគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន ក៏បានសន្យាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធក្នុងអនុស្សរណៈ ឲ្យល្អរលូនទៅមុខ ប្រកបដោយផ្លែផ្កាជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
សូមជម្រាបថា រយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៣លាននាក់ កើនឡើង ១២.៥ភាគរយ ក្នុងនោះទេសចរចិនមានចំនួន ៤៤ម៉ឺននាក់ កើនឡើង ៣៥.៦ភាគរយ។ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងយ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់៕