(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធី ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រលើកទី៨ សម្រាប់សិស្សភាសាអង់គ្លេស Level 3 Level 6 Level 9 និង Level 12 នៅថ្ងៃទី១០ ទី១១ និងទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលមានបេក្ខជនចំនួន ៥៧នាក់ មកពី ១៦សាខា និងមានអ្នកចូលរួមចំនួន ១,៧៩៨នាក់ ក្រោមវត្តមានលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី ។
តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា សាលាប៊ែលធីអន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែមធំៗចំនួន៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដងនៅរៀងរាល់ខែ មករា និងកក្កដា។
ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាលគឺៈ
១-កម្រិតសាខា (Campus Level): គ្រប់សាខាសាលា ប៊ែលធី អន្តរជាតិ ត្រូវរៀបចំការប្រកួតផ្ទៃក្នុង ដើម្បីជ្រើសរើសយកជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ។
២- កម្រិតប៊ែលធី (BELTEI Level): ជ័យលាភីលេខ១ នៃ Level3 Level6 Level9 និង Level12 មកពីទាំង១៦សាខា ត្រូវមកប្រកួតប្រជែង ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដែលនឹងទទួល បានរង្វាន់ ដូចជាៈ
-លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់300$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ៣ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ២: ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់200$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
-លេខ៣: ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់100$ ព្រមទាំងអាហារូបករណ៍សិក្សា ថ្នាក់ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០% សិក្សាថ្នាក់មហា វិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ហើយបេក្ខជនជ័យលាភីលេខ១ ដល់ លេខ៣ Level 3, 6, 9 & 12 ទាំងអស់ ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត រយៈពេល ៣ថ្ងៃ ២យប់ ។ ចំពោះលោកគ្រូ-អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភី ក៏ត្រូវទទួលរង្វាន់ទឹកប្រាក់ ៥០% និងលិខិតសរសើរផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជយលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ លោកបានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀតនិងដើម្បីឲ្យក្មួយៗទាំងអស់ ទទួលបានចំណេះដឹងថ្មីដូចជា៖ ១-យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២-បង្កើនទំលាប់និយាយ ៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈមិនខ្មាសអៀន ៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។ លោកក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS) ឲ្យបានពិន្ទុយ៉ាងតិច ៦.៥ឡើងទៅ សម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោកអគ្គនាយកនិងលោកស្រី ក៏បានប្រគល់ មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជយលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ៕