(ភ្នំពេញ)៖ គណៈប្រតិភូផ្សព្វផ្សាយវិស័យទេសចរណ៍ របស់ប្រទេសចិន បានធ្វើដំណើរមកផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍របស់ខ្លួន ក្រោមប្រធានបទ «ប្រទេសចិន លើសពីការស្រមើស្រមៃ (China Beyond your imagination)» នៅក្នុងប្រទេសកម្ពុជា ដោយបានរៀបចំពិធី បង្ហាញពីតំបន់ទេសចរណ៍ដ៏ល្អឯក តាមបណ្ដាខេត្តនីមួយៗ របស់ប្រទេសចិន នៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ នារាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាព ពីសំណាក់លោក ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា,លោក ចាង ស៊ីឡុង (Zhang Xilong) ប្រធានគណៈប្រតិភូទេសចរណ៍ប្រទេសចិន, លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា, លោក ទា គង់ ស្ថានតំណាងពាណិជ្ជកម្មនៃកម្ពុជា ប្រចាំនៅក្នុងប្រទេសចិន, លោកស្រី ឆាយ ស៊ីវលីង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, លោក ថាន ឈីងសឹង (Tan Qingshen) ភារៈធារីស្ថានទូតសាធារណៈរដ្ឋចិន ប្រចាំនៅកម្ពុជា ព្រមទាំងភ្ញាក់ងារទេសចរណ៍ ជាតិ និងអន្តរជាតិជាច្រើននាក់ទៀត។
លោក ចាង ស៊ីឡុង (Zhang Xilong) ប្រធានគណៈប្រតិភូទេសចរណ៍ប្រទេសចិន បានថ្លែងឲ្យដឹងថា ពិធីផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ ក្រោមប្រធានបទ «ប្រទេសចិន លើសពីការស្រមើស្រមៃ (China Beyond your imagination)» ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរ និងបង្ហាញពីចំណងទំនាក់ទំនង ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវិស័យទេសចរណ៍ មានការវិវឌ្ឍកាន់តែប្រសើរ និងរស់រវើក។ នៅក្នុងវេទិការកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ក្នុងឆ្នាំនេះ លោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយល់ព្រមទៅលើ គោលដៅទាក់ទាញទេសចរណ៍ចិន ចំនួន២លាននាក់ នៅក្នុងឆ្នាំ២០២០មកកម្ពុជា ហើយថា នឹងពិចារណាបើកជើងហោះហើរត្រង់ កាន់តែច្រើនទៀត ពីប្រទេសចិន មកប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា។
លោក ចាង ស៊ីឡុង បន្តទៀតថា នៅក្នុងវេទិការកំពូលកិច្ចសហប្រតិបត្តិការ ទេសចរណ៍ធុរកិច្ចចិន និងកម្ពុជា២០១៧ ទ្វេភាគីទាំងពីរ បានលើកឡើងពីការសម្តែងដ៏ល្អ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ជាយន្តការទេ្វភាគី។ ភាគីចិននឹងចូលរួមកាន់តែសកម្ម ក្នុងការរៀបចំការតាំងពិព័រណ៌ទេសចរណ៍ និងកិច្ចប្រជុំទេសចរណ៍អន្តរជាតិផ្សេងៗ នៅកម្ពុជា ព្រមទាំងនៅពេលសមស្របណាមួយ ជំរុញការរៀបចំវេទិការកំពូលកិច្ចសហប្រតិបត្តិការ ទេសចរណ៍ចិន និងកម្ពុជា។
លោកសង្កត់ធ្ងន់ថា រាប់រយឆ្នាំកន្លងមក ចិន និងកម្ពុជា គឺជាប្រទេសដ៏សំខាន់ ដែលនៅតាមបណ្តោយផ្លូវសូត្រ តាមសមុទ្រាប្រទេសទាំងពីរមានសំឡេង និងការឆ្លើយតបដូចគ្នា ការទាមទារនូវបរិយាកាសដូចគ្នា ហើយនៅការប្រាស្រ័យទាក់ទងគ្នា នៅក្រោមមេឃ និងសមុទ្រជាបន្ទាប់បន្ទាប់ មានដំណើរទស្សនៈកិច្ចទៅវិញទៅមក។ នៅឆ្នាំ២០១៣ រដ្ឋាភិបាលប្រទេសចិន បានផ្តួចផ្តើមយុទ្ធសាស្រ្ត «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ការផ្តួចផ្តើមនេះ បានធ្វើឲ្យផ្លូវសូត្រតាមសមុទ្របុរាណនេះ បញ្ចេញកម្លាំង និងភាពក្លៀវក្លាសារជាថ្មី ហើ
យ កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសចិន និងកម្ពុជានឹងបញ្ចេញពន្លឺកាន់តែត្រចះត្រចង់។
លោកថ្លែងថា «ក្នុងដំណើរការទស្សនកិច្ច មកកាន់រាជធានីភ្នំពេញលើកនេះ ខ្ញុំបានអញ្ជើញតំណាងមន្ទីរទេសចរណ៍ចំនួនជាង១០ ដែលមកពីខេត្ត និងក្រុងនៃប្រទេសចិន ហើយនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់យើងខ្ញុំមកកាន់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសទី៦ ក្នុងតំបន់អាស៊ាន ដែលបានធ្វើការផ្សព្វផ្សាយ ហើយសង្ឃឹមថា អាចយកក្តាប់ឱកាស «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ដើម្បីអនាគតកិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញសហប្រតិបត្តិការ ទេសចរណ៍ចិន និងកម្ពុជាឲ្យក្លាយជាគំរូ កិច្ចសហប្រតិបត្តិការទេសចរណ៍ចិន និងអាស៊ាន!»។
ដោយឡែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងក្នុងពិធីនោះថា «រយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៣លាននាក់ កើនឡើង ១២.៥ភាគរយ ក្នុងនោះទេសចរចិនមានចំនួន ៤៤ម៉ឺននាក់ កើនឡើង ៣៥.៦ភាគរយ។ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងយ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់»។
លោកបានបន្តថា ដើម្បីត្រៀមទទួលស្វាគមន៍ទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ ជាយុទ្ធសាស្រ្តកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍របស់ខ្លួន ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ពិសេសប្រាសាទសំបូរព្រៃគុក ដែលថ្មីៗនេះទើបត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។
លោកក៏បានជម្រាបទៅអង្គពិធីផងដែរ ពីការព្យាករណ៍របស់អង្គការ UNWTO ដែលបានបញ្ជាក់ថា នៅឆ្នាំ២០២០ ទេសចរចិននឹងដើរចេញ ទៅទេសចរណ៍ក្រៅប្រទេសប្រមាណ ២០០លាននាក់ ហើយនឹងចំណាយប្រមាណ ៤២០ប៊ីលានដុល្លារ ដែលធ្វើឲ្យបណ្ដាប្រទេសនានា លើពិភពលោក ត្រៀមខ្លួនក្នុងការទាក់ទាញ និងទទួលស្វាគមន៍ទេសចរណ៍ មហាអំណាចអាស៊ីមួយនេះ។
សូមបញ្ជាក់ថា កម្មវិធីដើម្បីរៀបចំផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ចិន មានគោលបំណងចង់បង្ហាញភាពផ្សេងគ្នា នៃផលិតផលទេសចរណ៍ចម្រុះ ធនធានទេសចរណ៍ដ៏សំបូរបែប របស់ប្រទេសចិន និងភាពរួសរាយ រាក់ទាក់របស់ប្រជាជន និងភាពចាស់ទុំ នៃប្រព័ន្ធការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចរបស់ប្រទេសចិន។ ក្នុងគោលបំណងចំបង គឺចង់ទាក់ទាញភ្លៀវទេសចរពីកម្ពុជា មកដំណើរកំសាន្តនៅប្រទេសចិន ដែលមានតំបន់ទេសរចណ៍ជាច្រើន ដែលភ្លៀវទេសចរមួយចំនួន មិនទាន់បានជ្រាប និងដំណើរកំសាន្តទៅតំបន់ទាំងនោះ។
តំបន់ទេសចរណ៍សំខាន់ៗទាំងអស់នោះ រួមមាន ខេត្ត HUNAN, តំបន់ TIBET,ខេត្ត TIANJIN, ខេត្ត GUIZHOU,ខេត្ត HUBEI, ខេត្ត SHANDONG, ខេត្ត QINGHAI,ខេត្ត SHAANXI, ខេត្ត GUANGDONG និង ខេត្ត GUANGXI ជាដើម៕