(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម សាលាស្រុកឆែប លោកនាយកសាលាបឋមសិក្សាឆែប ចុះផ្សព្វផ្សាយពី សុវត្ថិភាពម្ហូបអាហារ ដល់លោកគ្រូ អ្នកគ្រូមកពី៥សាលាបឋមសិក្សាផ្សេងៗគ្នា។
ក្នុងពិធីនេះ លោកគ្រូអ្នកគ្រូចូលរួមចំនួន២១នាក់ ដែលបានធ្វើឡើងក្នុងទីតាំង សាលាបឋមសិក្សាឆែប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
លោក ដួង មុនី បានថ្លែងថា ការចុះផ្សព្វផ្សាយនេះដើម្បី ឲ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវត្រួតពិនិត្យមុខទំនិញ និងគ្រឿងបរិភោគទាំងអស់ ដើម្បីរក្សាសុខភាព របស់ពួកយើងទាំងអស់គ្នា។ មន្រ្តីសាខាកាំកុងត្រូល មានសេចក្តីសោមនោស្សរីករាយ ដែលបានចូលរួមផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ ឲ្យយល់ពីចំណីអាហារ ដែលអាជីវករដាក់តាំងលក់នៅតាមទីផ្សារទីសាធារណៈ និងនៅតាមសាលា ត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពីផលិតផលក្លែងក្លាយ ឬផលិតផលហួសកាលបរិច្ឆេទ។
ជាទីបញ្ចប់ លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមផ្សព្វផ្សាយបន្ត នូវចំណេះដឹងទទួលបាន ទៅកាន់ប្រជាពលរដ្ឋ បងប្អូនមិត្តភ័ក្រដទៃទៀត ឲ្យបានយល់ដឹងពីបញ្ហាសុវត្ថិភាពអាហារផងដែរ៕