(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធ និងតាមចាប់ខ្លួនស្រ្តីម្នាក់ បន្ទាប់ពីមានបណ្ដឹងពីប្ដីរបស់ខ្លួន ដែលជាថៅកែក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិចដ៏ធំមួយ ពីប្រទេសជប៉ុន ព្រោះតែខឹងនាងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ យកទៅលេងល្បែង ចាញ់អស់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបុរី «ប៊ុនហួរ» ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីម្នាក់នោះឈ្មោះ រ៉ុន ថុលធីតា អាយុ២៤ឆ្នាំ មានកូនម្នាក់ ចំណែកលោកថៅកែដែលជាប្ដី ឈ្មោះ វ៉ាង ជីញយ៉ាង អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងផ្ទះល្វែង បុរីកើតហេតុខាងលើ គាត់ជាអ្នកនាំចូលគ្រឿងអេឡិចត្រូនិចមួយទឹកៗ ដ៏ធំមួយពីប្រទេសជប៉ុន។
ចំណែកស្រ្តីរូបនោះ បានលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះទៅ លក់និងដាក់បញ្ចាំយកលុយទៅលេងល្បែងនៅកាស៊ីណូណាហ្គា ជាបន្តបន្ទាប់រួមមាន៖ រថយន្ត១គ្រឿង ម៉ាកហ្វតពាក់ស្លាកលេខភ្នំពេញ 2AN-2852 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្លាញ់ក្ដាម ដែលមានតម្លៃជាង៤ម៉ឺនដុល្លារ រួមទាំងគ្រឿងអលង្ការ ដែលមានតម្លៃ២,៥៦០ដុល្លារទៀត។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា លោកថៅកែក្រុមហ៊ុនខាងលើនោះ បានដាក់កាមេរ៉ាសុវត្ថិភាព ក្នុងផ្ទះល្វែងដែលប្រពន្ធកំពុងស្នាក់នៅ ហើយបានភ្ជាប់កាមេរ៉ានោះ តាមរយៈទូរស័ព្ទដៃរបស់គាត់ ហើយគាត់មិនសូវបាននៅផ្ទះទេ ភាគច្រើនទៅប្រទេសជប៉ុន។
កាលពីថ្ងៃទី១០ ខែកក្កដា នាងជាប្រពន្ធបានធ្វើសកម្មភាពដកខ្សែកាមេរ៉ាចេញពីបន្ទប់ រួចបានលួចយករថយន្តម៉ាកហ្វត១គ្រឿងនោះ ចេញពីផ្ទះហើយបានយកទៅដាក់បញ្ចាំ នៅក្នុងភូមិសាស្រ្ត ខណ្ឌទួលគោក ក្នុងតម្លៃ៨ពាន់ដុល្លារ យកលុយទៅលេងល្បែងកាស៊ីណូណាហ្គា និងបានចាញ់អស់គ្មានសល់ រួមទាំងគ្រឿងអលង្ការជាច្រើនទៀតផងដែរ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មកនាង បានគេចខ្លួនអត់ចូលផ្ទះឡើយ ចំណែកបុរសជាប្ដីដែលតែងតែមើលសកម្មភាពផ្សេងនៅផ្ទះរបស់ខ្លួន តាមរយៈកាមេរ៉ា ពីប្រទេសជប៉ុននោះ ស្រាប់តែមើលលែងឃើញ ហើយខលរកប្រពន្ធក៏អត់ចូលទៀត ទើបខលឲ្យបុគ្គលិក និងសាច់ញាតិរបស់ខ្លូន ទៅមើលនៅផ្ទះហើយទើប ដឹងថា បាត់ទាំងមនុស្ស និងរថយន្ត ចំណែកខ្សែកាមេរ៉ាសុវត្ថិភាពក៏របូតអស់ទៀត។
ក្រោយមកក៏បានធ្វើការស្រាវជ្រាវ ទើបដឹងថា ប្រពន្ធយករថយន្តទៅបញ្ចាំ ហើយបានដាក់កម្លាំងចាំមើលរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែកក្កដា ទើបលេចមុខនាងប្រពន្ធចូលទៅផ្ទះម្ដងទៀត។
ក្នុងបំណងលួចយករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AB-3883 ហើយក៏ត្រូវបានសាច់ញាតិប្ដឹងឲ្យនគរបាលជួយឃាត់ខ្លួន ប៉ុន្តែខណៈនោះមិនអាចឃាត់បានភ្លាមៗនោះឡើយ ដោយសារនាងដឹងខ្លួនទាន់ ហើយបានរត់ផ្លោះរបងចូលទៅក្នុងរោងចក្រមួយនៅក្បែរនោះ មួយសន្ទុះក្រោយមក ទើបនគរបាលឃាត់ខ្លួនបាននាំទៅ ធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ដើម្បីសួរនាំចាត់ការបន្ត៕